ភ្នំពេញ៖អ្នកនាងព្រំ រដ្ឋា ដែលជាថៅកែផលិតកម្មPR Productions នោះបានឡើងយន្ដហោះទៅអាមេរិកកាលពីថ្ងៃទី៧សីហា ដោយមិនកំណត់ថាពេលណាទើបចូលស្រុកវិញឡើយ។ការចេញទៅក្រៅស្រុករបស់អ្នកនាងព្រំ រដ្ឋា នៅពេលនេះចំពេលដែលកាលពីពេលថ្មីៗនេះអតីតតារាសម្ដែងនិងជាម្ចាស់ផលិតកម្មមួយនេះបានផ្ទុះរឿងចម្រូងចម្រាសជាមួយតារាសម្ដែងស៊ិចស៊ីនាងតាន់ សុផា ហៅជេស៊ីកា ដែលតារាវ័យក្មេងរូបនេះចោទថារដ្ឋា ជំពាក់លុយនាងមិនព្រមសងតាមកាលកំណត់ ខណៈដែលនាងខំប្រឹងខ្ចីលុយគេមកឲ្យថៅកែស្រីតែចុងក្រោយបែជាវ័នកនាងទៅវិញ។រឿងរ៉ាវមួយនេះមិនទាន់បញ្ចប់នៅឡើយ ព្រោះភាគីទាំងសងខាងអាចនឹងឈានទៅតទល់គ្នានៅតុលាការ តែពេលនេះអ្នកនាងរដ្ឋា បានចេញទៅអាមេរិកទៅហើយទើបធ្វើឲ្យស្រីក្មេងជេស៊ីកា កាន់តែពិបាកតាមទារលុយពីថៅកែស្រីរូបនេះ។

តាមព័តមានថាអ្នកនាងព្រំ រដ្ឋា ដែលត្រូវបានគេស្គាល់ថាជាតួអង្គខារ៉ាអូខេល្បីឈ្មោះក្នុងបទចម្រៀងម៉ាក់ថើងនោះនាងមិនមែនជំពាក់លុយតែលើតារាស្រីជេស៊ីកា ម្នាក់ប៉ុណ្ណោះទេ គឺមានអ្នកផ្សេងៗទៀតដែលនាងបានខ្ចីគេយកមកប្រើក្នុងការផលិតភាពយន្ដដែរ ប៉ុន្ដែយ៉ាងណាអតីតតារាសម្ដែងក្លាយទៅជាថៅកែផលិតកម្មរូបនេះមិនមានបំណងគេចវែសមិនសងនោះម្ចាស់បំណុលគេនោះទេដោយសារនាងមានមេធាវីធ្វើកិច្ចការនោះជំនួសពោលគឺអ្វីៗនឹងចាត់ការទៅតាមផ្លូវច្បាប់ទាំងអស់។ដោយឡែកសម្រាប់ដំណើរទៅអាមេរិករបស់អ្នកនាងរដ្ឋា នៅពេលនេះគេមិនទាន់ដឹងច្បាស់ថាតើនាងទៅកម្សាន្ដឬទៅរកលុយសងកូនបំណុលឡើយ។

ប៉ុន្ដែបើតាមហ្វេសបុកឈ្មោះព្រំ លីណា ដែលជាបងស្រីរបស់ព្រំ រដ្ឋា បានចេញសារការទៅអាមេរិករបស់អ្នកនាងរដ្ឋា គឺដើម្បីព្យាបាលសុខភាព ដោយតម្រូវញាំថ្នាំទៀងទាត់ ខណៈដែលការងារទាំងឡាយរបស់អ្នកនាងរដ្ឋា នៅក្នុងស្រុកលោកស្រីជាអ្នករ៉ាប់រងជំនួសប្អូនស្រី។តែអ្នកស្រីលីណា មិនបញ្ជាក់ថាអ្នកនាងរដ្ឋា មានជំងឺអ្វីបានជាត្រូវបំប៉នថ្នាំយ៉ាងយកចិត្តទុកដាក់បំផុតឡើយ។ចំណែកនៅលើហ្វេសបុករបស់ស្រីស្រស់ជេស៊ីកា វិញមិនមានប្រតិកម្មណាមួយជុំវិញអ្នកនាងរដ្ឋា ចេញទៅអាមេរិកទាំងមិនទាន់បានសងលុយនាងឡើយ។ប្រភពបានឲ្យដឹងថាអ្នកនាងរដ្ឋា ប្រគល់រឿងក្ដីក្ដាំទាំងអស់របស់នាងជាមួយជេស៊ីកា ទៅមេធាវីរបស់នាងដើម្បីតទល់គ្នាតាមផ្លូវច្បាប់នៅតុលាការរួចហើយ មុននាងហោះទៅអាមេរិកនេះ៕

