Thursday, November 28, 2024
Homeបរិយាយរបៀបជួយជាតិខុសគ្នា

របៀបជួយជាតិខុសគ្នា

ដោយ អាចារ្យថាំ

ការជួយការពារ និងកសាងប្រទេស ជាវប្បធម៌ប្រពៃណីតៗមក ដែលអ្នកខ្លះចុះជួយផ្ទាល់ ខ្លះជួយដោយប្រយោល។ សព្វថ្ងៃក៏មានឧកញ៉ា ថៅកែ សប្បុរសជននានាបានជួយកសាងជាតិ ជាបន្តបន្ទាប់ ដែលឧកញ៉ាខ្លះជួយផ្ទាល់ដៃ ដោយយក អំណោយចែកជូនជនក្រីក្រ ឬចុះទៅកសាងសាលារៀន វត្តអារាមជាដើម ឯឧកញ៉ាខ្លះទៀត ក៏យកថវិកាទៅជូនរាជរដ្ឋាភិបាល ឬកាកបាទក្រហមជាតិ ឱ្យយកទៅចាត់ចែងជំនួសគាត់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “របៀបជួយជាតិខុសគ្នា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

តាមការកត់សម្គាល់កន្លងមក អ្នកមានទ្រព្យសម្បត្តិមួយចំនួន បានចំណាយធនធានផ្ទាល់ខ្លួន ចុះទៅដល់ស្រុកកំណើត គាត់ ចាត់ចែងកសាងអគារសិក្សាជូនសិស្សានុសិស្ស មានកន្លែងរៀនសូត្រសមរម្យ បានជួយចាក់ក្រួស ចាក់ថ្ម ជួសជុលផ្លូវលំ ឱ្យស្អាតជូនប្រជាពលរដ្ឋ ឱ្យស្រួលធ្វើដំណើរ បានកសាងព្រះវិហារ ឧបដ្ឋានសាលា ងាយស្រួលដល់ព្រះសង្ឃ និងឧបាសក ឧបាសិកា ធ្វើបុណ្យទាន។ ថវិកាដែលគាត់ចំណាយនោះ ក៏បូកសរុបធ្វើរបាយការណ៍ជូនទៅអាជ្ញាធរ តាមលំដាប់លំដោយ លុះថ្នាក់លើ ទូទាត់បញ្ជីឃើញបានចំនួន ១០ម៉ឺនដុល្លារ ឡើងទៅ (ឥឡូវ៥០ម៉ឺនដុល្លារ) ក៏រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ស្នើសុំព្រះរាជក្រឹត្យ ផ្តល់គោរមងារជាឧកញ៉ា។

មួយចំនួនទៀត កម្រចុះទៅមូលដ្ឋានចែកអំណោយ ឬកសាងសមិទ្ធផលអ្វីដោយផ្ទាល់នោះទេ ប៉ុន្តែគាត់វេចខ្ចប់សាច់ប្រាក់ទាំងបាច់ៗ ឬយកមូលប្បទានបត្រ ប្រគល់ជូនរាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំកាកបាទក្រហមជាតិតែម្តង ក៏បានគោរមងារឧកញ៉ាដូចគ្នា។

លុះបានគោរមងារដ៏ខ្ពង់ខ្ពស់នេះ ឧកញ៉ាទាំងអស់ នៅតែបន្តជួយស្ថាបនាជាតិ តាមលទ្ធភាព ដូចជាផ្តល់អំណោយដល់ អ្នកលិចទឹកជំនន់ ភ្លើងឆេះផ្ទះ ឬរងគ្រោះដោយអ្វីមួយជាយថាហេតុ។

“របៀបជួយជាតិខុសគ្នា” នេះ មានឧបមាដូចពីបុរាណ មាន “ថៅកែ ដង្ខៅ” ខឹងសៀម-យួនចូលឈ្លានពានទឹកដីខ្មែរ ក៏លះបង់កូនឱ្យចេញទៅបម្រើកងទ័ព ដោយមិនចាំបាច់កេណ្ឌ និងបរិច្ចាគមាស ប្រាក់ ទិញស្រូវ អង្ករ ឧបត្ថម្ភកងទ័ព រហូត ដល់ច្បាំងឈ្នះបច្ចាមិត្រ ឯកូនរបស់គាត់នោះ ក៏បានពលីជីវិតក្នុងសមរភូមិ។ នេះហៅថា បានជួយជាតិដោយផ្ទាល់ មិនសម្លឹង ឃើញផលប្រយោជន៍អ្វីឡើយ ធ្វើឱ្យមហាជនស្ងើចសរសើរ។

ថៅកែ ដង្ខៅខ្លះទៀត ពេលដឹងថា ស្រុកកើតសង្គ្រាម ក៏ជីកកប់មាសប្រាក់គាត់ រួចនាំកូនចៅភៀសខ្លួនទៅរស់នៅកន្លែង មានសុវត្ថិភាព ប៉ុន្តែគាត់យកមាសប្រាក់ខ្លះទៅជូន មេទ័ព មេកង ឱ្យជួយការពារក្រុមគ្រួសារគាត់ទៅវិញ។ ចំណុចនេះ មានន័យថា គាត់បានជួយជាតិដែរ គឺជួយដោយប្រយោល ព្រោះមាសប្រាក់ដែលហុចដល់ដៃមេទ័ព មេកង ថាឱ្យយកទៅ ទិញស្បៀងចិញ្ចឹមកងទ័ពនោះ មិនដឹងជាមេទ័ព មេកង ធ្វើតាមបណ្តាំគាត់ឬយ៉ាងណាឡើយ។

បច្ចុប្បន្នយើងឃើញសប្បុរសជនភាគច្រើនស្រលាញ់ស្រុកកំណើតគាត់ លុះដឹងថា អ្នកភូមិខ្លះស្បៀងអាហារ ខ្វះអគារ សិក្សាឱ្យកូនចៅរៀនសូត្រ គាត់ក៏ចុះទៅជួយ រហូតបានទទួលងារជាឧកញ៉ា។

មួយចំនួនទៀត ទោះជាគាត់ជិះរថយន្តតាមដងផ្លូវ បានដឹងថា ស្រុកកំណើតគាត់ ឬមូលដ្ឋានឯទៀត យ៉ាប់យ៉ឺនយ៉ាងណា ក៏គាត់ជិះឡានបង្ហួស រួចយកថវិកាទៅជូនអភិបាលខេត្ត ឬមេបញ្ជាការយោធា ចាត់ចែងជំនួសគាត់។ ខ្លះក៏យកថវិកាជូន ដល់រាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំកាកបាទក្រហមជាតិ តែម្តង ដោយមានការថតរូបបង្ហាញសាធារណជនផង។ គាត់ក៏ទទួល បានគោរមងារឧកញ៉ា រួចបន្តជួយមិនឈប់ ដោយយកប្រាក់ទាំងបាច់ៗ ដាក់ជើងពានលើកជូនថ្នាក់ដឹកនាំ។

“របៀបជួយខុសគ្នា” នេះ ស្រដៀងនឹងរឿងអុងប៉ាង ចិននៅស្រុកមួយ (អុងប៉ាង ជាប្រធានសមាគមចិន) គាត់ជា អ្នករកស៊ីចងការប្រាក់ យកចុងការខ្ពស់។ កូនបំណុលគាត់ភាគច្រើនជាកសិករក្រីក្រ លុះពិបាកទារបំណុលពេក អុងប៉ាង ចង់ បានសិទ្ធិអំណាច ក៏យកមាសប្រាក់ខ្លះ “ទៅជូនមេស្រុក” និង “មេកងរក្សាស្រុក” ធ្វើឱ្យអាជ្ញាធរញញឹមបិទមាត់មិនជិត រួច បើកសិទ្ធិជូនអុងប៉ាង អាចចាប់កូនបំណុលធ្វើទារុណកម្មបាន ដូចឃ្លាឃ្លោង “សាស្ត្រាច្បាប់ប្រុស” ជាភ័ស្តុតាងថា ៖ ពីព្រឹក ស្លៀកហូលជរ ល្ងាចស្លៀកស ខ្វះចងក្បិន ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ ចិនដាក់ខ្នោះ។ ជួនកាលវាចងជើង ព្យួរខ្ពស់ ឡើងក្បាលដាំចុះ មើលមុខតឹងក្រញុះ មាត់ស្ញេញស្ញាញពេបដូចក្មេង”។

កំណាព្យច្បាប់ប្រុស និពន្ធដោយបណ្ឌិតមៃ ជាកញ្ចក់ឆ្លុះមើលតថភាពសង្គម កាលពីបុរាណ ដែលថៅកែចិន ឬអុងប៉ាង មានអំណាចចាប់កូនបំណុលដាក់ច្រវាក់។ នេះមកពីអុងប៉ាង យកមាសប្រាក់ទៅ “ខ្ទប់មាត់មេស្រុក” ជាប់ទៅហើយ បានជា ចិន មានអំណាចចាប់ខ្មែរ ជាកូនបំណុល តឹងទារប្រាក់ទាល់តែបាន ទើបចិន ឱ្យស្រាយច្រវាក់ដោះលែង។

សព្វថ្ងៃប្រភពព័ត៌មានខ្លះ បានឱ្យដឹងថា នៅតំបន់ព្រៃ ដែលរងការកាប់បំផ្លាញធ្វើអាជីវកម្ម គឺបណ្តាលមកពី “ឈ្មួញ ឈើ យកដុល្លារ ទៅខ្ទប់ភ្នែកអាជ្ញាធរដែនដី” ទើបគេមើលអ្វីៗមិនឃើញ។ បើមានអ្នកកាសែតក្លាហាន តាមថតឡានដឹក ឈើ ឬហ៊ានចូលដល់ព្រៃដែលគេកាប់ឈើ ច្បាស់ជារងគ្រោះដោយសារអ្នកកាងឈើ ខណៈដែលអាជ្ញាធរត្រូវថ្នាំសណ្តំ។

ទោះយ៉ាងណា ឈ្មួញឈើនោះ ក៏បានចំណាយថវិកាជួយជាតិ មិនតិចទេ ដែលជំនួយនោះ មិនសូវចុះចាត់ចែងផ្ទាល់ដៃ ទេ ច្រើនតែលើកជូនទៅអាជ្ញាធរ ឱ្យយកនៅចាត់ចែងជំនួសគាត់។ នេះជាចំនួនតិចតួចទេ ដែល “យករបៀបជួយជាតិ” ដោយប្រយោល តែភាគច្រើនគាត់ចុះទៅជួយផ្ទាល់ដៃ “ព្រោះមិនទុកចិត្តអ្នករត់ការ”។

របៀបជួយជាតិខ្លះទៀត មានឧទាហរណ៍ដូចថៅកែធំៗខ្លះ រកស៊ីតាមព្រំដែន គាត់ឃើញពលទាហានអង្គុយយាមផ្លូវ រងាឱបដៃកំប្រោន ព្រោះប៉ះរដូវរងា ក៏គាត់មើលនឹងភ្នែក មិនព្រមទិញភួយ ឬអាវរងាទៅចែកទេ។ ដឹងអី! គាត់យកលុយ ទៅជូនមេបញ្ជាការ ឱ្យទិញភួយ ទិញអាវរងា ចែកពលទាហានទៅវិញ? ចុះបើគាត់ទិញចែកផ្ទាល់ដៃវាយ៉ាងម៉េច? តើ មូលហេតុអ្វីបានជាគាត់យកទៅជូនមេបញ្ជាការ មិនខ្លាចគេបន្លំ?

“របៀបជួយជាតិខុសគ្នា” នេះ មិនខុសពីសុភាសិតថា “ហុតទឹកសម្លឹងកាក” នោះទេ ដែលមិនពិបាកយល់។ រវាងអ្នកជួយផ្ទាល់ដៃ ឬចុះចាត់ចែងកសាងសាលារៀន ស្ពាន ថ្នល់ ដោយផ្ទាល់នោះ មិនសូវមានអាជ្ញាធរទៅជិតទេ ប៉ុន្តែបើអ្នក-ជួយដោយប្រយោល ឬជូនថវិកាទៅអាជ្ញាធរ ទើបមានមុខមាត់ មានការសរសើរ និងមានសិទ្ធិជាងអ្នកជួយដោះផ្ទាល់។ ឧបមាថា ឧកញ៉ាខ្លះ មានដីធ្លីនៅមូលដ្ឋានច្រើនជាន់ប្លង់គ្នាជាមួយដីធ្លីជនក្រីក្រ បើគាត់យកលុយកាក់ ឬសារុង ក្រមា ទៅ ចែកជូនជនក្រីក្រជាន់ប្លង់គ្នានោះ ក៏មិនបានប្រយោជន៍អីដែរ អ៊ីចឹងយកលុយជូនអាជ្ញាធរវិញ ចំណេញជាង។

សរុបទៅ “របៀបជួយជាតិខុសគ្នា” ជាការពិតមិនបំផ្លើសឡើយ ដូចការលើកឡើងខាងលើ។ របៀបជួយជាតិ មិន សំដៅតែលើការកសាងសាលារៀន ស្ពាន ថ្នល់ មន្ទីរពេទ្យនោះទេ សូម្បីតែការលះបង់កូនចៅចូលបម្រើកងទ័ពដូចពីដើម ក៏មានឈ្មោះថាជួយជាតិដែរ។ ជំនាន់លន់ នល់ ថៅកែធំៗ លាក់លៀមកូន ឬបញ្ជូនទៅរៀនបរទេសអស់ ឃើញតែកូនអ្នកក្រ ទេ ដែលចូលធ្វើទាហាន។ ដូច្នេះការជួយជាតិដែលប្រសើរថ្លៃថ្នូរបំផុត គឺ “ចុះជួយផ្ទាល់ដៃ” ដូចការដាក់បាត្រព្រះសង្ឃ បើ ខ្លួនឯងចាំតែប្រើគេឱ្យដាក់បាត្រជំនួស ឯខ្លួនឯងឈរមើលនោះ បានបុណ្យតែពាក់កណ្តាល ឯពាក់កណ្តាលទៀត បានទៅ ទាសាទាសីដែលដាក់បាត្រជំនួសនោះ….

RELATED ARTICLES