Friday, April 19, 2024
Homeបរិយាយមន្ត្រីគ្រាប់ល្ពៅ

មន្ត្រីគ្រាប់ល្ពៅ

មានមិត្តអ្នកអាន “នគរធំ” មួយចំនួន បានស្នើឱ្យយើងជួយពន្យល់ផង ចំពោះពាក្យថា “មន្ត្រីគ្រាប់ល្ពៅ” ដែលសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើង និងបានអ្នកនាំពាក្យ CPP បន្ថែមល្បោយឱ្យវែងបន្តិច។ កសិករជាអ្នកដាំល្ពៅ ប៉ុន្តែ ដល់អ្នកនយោបាយ លើកពីរឿងគ្រាប់ល្ពៅ បែរជាអត់សូវយល់ ទើប “នគរធំ” សម្រេចយកសំណូមពរ ឬសំណួរថា “មន្ត្រីគ្រាប់ល្ពៅ” ជាអ្វី ? មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ល្ពៅ ជាដំណាំបន្លែពួកវល្លិ ផ្កាសម្បុរលឿង ផ្លែធំរាងមូលជ្រុងៗ សម្រាប់ធ្វើជាបន្លែ ស្ល ឆា ឬផ្លែទុំ ធ្វើបង្អែមក៏បាន។ គ្រាប់ទុំៗ គេអាចប្រឡាក់អំបិល លីងធ្វើចំណីកំដរមាត់ ក៏មានឱជារសមិនធម្មតា។ “ល្ពៅគីង្គក់” ធំៗណាស់ គេចូលចិត្តដាំ យកគ្រាប់សម្រាប់លីងហូប ដោយមិនសូវយកទៅស្លនោះទេ ប៉ុន្តែ អ្នកដែលចូលចិត្តស្ល “ល្ពៅគីង្គក់” មកពីគាត់ចង់ឱ្យប្លែក មាត់។

“គ្រាប់ល្ពៅ” សម្រាប់ធ្វើពូជ គេទុកផ្លែវាឱ្យទុំ រួចបេះយកទៅទុកលើផ្ទះ ឱ្យឡើងម្សៅ ទើបពុះយកគ្រាប់ ហាលថ្ងៃឱ្យ ស្ងួតមែនទែន រួចខ្ចប់នឹងក្រណាត់ ចងព្យួរលើចង្ក្រាន ការពារកណ្តុរស៊ី ឬច្រកដបក៏បាន។ គ្រាប់ល្ពៅពូជ ដែលខ្ចប់ទុកបានល្អ នៅពេលមានភ្លៀងធ្លាក់ខែដើមឆ្នាំ កសិករភ្ជួររាស់ដីចម្ការចាប់ផ្តើមដាំល្ពៅ ដោយប្រើជីធម្មជាតិ វាលូតលាស់លឿនណាស់ “បើដាំ៣គ្រាប់ ចេញ៣គ្រាប់” អត់បាត់ទេ។ លុះដល់កំណត់និងប៉ះទឹកភ្លៀង ត្រជាក់ដីផងនោះ ល្ពៅ ចេញផ្កាព្រោងព្រាត អាចបេះយកទៅស្លម្ជូរត្រីអញ្ជាត់ ឬកូនក្រាញ់ បង់ប្រហុក យ៉ាងឆ្ងាញ់ពិសា។ លុះផ្លែវាចាស់បន្តិច គេបេះធ្វើបន្លែ ឬលក់ដូរ បានកម្រៃយ៉ាងកាក់កប បើមានទីផ្សារចាំទទួលទិញ ប៉ុន្តែគេជ្រើសរើសផ្លែល្ពៅណាល្អៗ សម្រាប់ទុកធ្វើពូជ។

ដោយឡែក “គ្រាប់ល្ពៅលីង” មិនចាំបាច់រើសផ្លែល្អអាក្រក់នោះទេ ឱ្យតែវាទុំ ក៏បេះយកទៅពុះ, ខ្វេះយកគ្រាប់ ប្រឡាក់អំបិល និងគ្រឿងទេស ទើបលីងឱ្យឆ្អិន ច្រកថង់ សម្រាប់លក់ទៅលើទីផ្សារ។ គ្រាប់ល្ពៅលីង ឆ្ងាញ់ជាងគ្រាប់ឪឡឹក លីង ដែលមន្ត្រីការិយាល័យ ឬបុគ្គលិកក្រុមហ៊ុន ដែលប្រចាំការក្នុងបន្ទប់ ចូលចិត្តហូប កុំឱ្យស្ងួតជើងធ្មេញ។ គ្រាប់ល្ពៅលីង ឬគ្រាប់ល្ពៅស្ងោរ មិនអាចយកទៅដាំដុះបានឡើយ ព្រោះវាឆ្អិនបានត្រឹមកំដរមាត់មនុស្សតែប៉ុណ្ណោះ នេះបើបរិយាយតាម អត្ថានុរូប ឬន័យត្រង់ ស្តីពី “គ្រាប់ល្ពៅ”។

ដោយឡែក “មន្ត្រីគ្រាប់ល្ពៅ” ក៏ចែកជា ២ផ្នែក ដូចគ្រាប់ល្ពៅពិតៗដែរ ដែល “នគរធំ” សូមបរិយាយលម្អិតដូចខាង ក្រោម ៖

១-មន្ត្រីគ្រាប់ល្ពៅពូជ ៖ មន្ត្រីប្រភេទនេះ ស្អាតស្អំណាស់ គាត់រស់ដោយសារប្រាក់ខែសុទ្ធសាធ បើថ្នាក់លើប្រគល់ ការងារអ្វីឱ្យធ្វើ ក៏អាចធ្វើបានប្រកបដោយជោគជ័យ។ មន្ត្រីល្ពៅពូជ “ដាក់បានៗ ឬដាំដុះភ្លាម” អត់យូរទេ លុះដុះចេញជា ផ្លែផ្កា ត្រួយ ស្លឹក ក៏អាចជួយប្រជាពលរដ្ឋឱ្យបានឆ្ងាញ់ឬបានសុខសាន្ត តាមរយៈសកម្មភាពការងាររបស់គាត់។ ឧទាហរណ៍ “មន្ត្រីកសិកម្ម” បើគាត់ចុះទៅដល់មូលដ្ឋាន ក៏លាត់ជើងខោ មូរដៃអាវជួយពន្យល់កសិករឱ្យចេះពីការធ្វើស្រែបែប “ប្រពលវប្បកម្ម” បើដាំបន្លែ ឱ្យចេះពីរបៀបដាក់ជីសរីរាង្គ បំប៉នរុក្ខជាតិ។ គាត់ជួយបង្រៀនដោយមិនយកកម្រៃ ដោយ ចុះប្រឡូកផ្ទាល់ដៃតែម្តង ដូចកាលពីសម័យសង្គមរាស្ត្រនិយម ស្រុកខ្មែរ មិនទាន់មានការនាំចូលជីគីមីនោះទេ ប៉ុន្តែយើង បានបង្កើតរោងចក្រជីហ្វូស្វាត នៅភ្នំទទុង ស្រុកបន្ទាយមាស ខេត្តកំពត។ ពេលបញ្ចោញជីហ្វស្វាត ម៉ដ្ឋដូចម្សៅនោះទៅ លក់ កសិករមិនទាន់ចេះរបៀបប្រើនោះទេ ព្រោះបើយកជីរនោះបាចស្រែ វាហុយតាមខ្យល់ ទើបមានការចាត់តាំង “មន្ត្រី កសិកម្ម” ចុះទៅបង្រៀន។ មន្ត្រីនោះ ដោះខោអាវចេញស្លៀកតែខោខ្លី កាប់ដីដំបូកវាយឱ្យម៉ដ្ឋ រួចយកទៅលាយ និង ជីហ្វូស្វាត ច្របល់ឱ្យសព្វ បន្ទាប់មកគាត់កើបដាក់កញ្ជើ បាចស្រែ ទើបភ្ជួររាស់រួច មុននឹងស្ទូង។ ម្ចាស់ស្រែក៏ធ្វើតាមការ បង្រៀននោះ ចេះយ៉ាងស្ទាត់ លុះស្ទូងរួចតែ ១ខែ សន្ទូងលូតលាស់ស្រស់បំព្រង។ មន្ត្រីកសិកម្មនោះ ចុះបង្រៀនកសិករ រាល់ថ្ងៃ មិនយកកម្រៃអ្វីទេ ដែលការជួយនោះ បានតែទឹកតែ ឬដូងខ្ចី បែកញើសជោកខ្លួន។ ចំណុចនេះហើយ ដែលហៅ ថា “មន្ត្រីគ្រាប់ល្ពៅពូជ” បើថ្នាក់លើយកទៅដាំ ក៏ដុះចេញផ្លែផ្កា ជួយលើកមុខមាត់រដ្ឋាភិបាល។

ផ្ទុយទៅវិញ “មន្ត្រីគ្រាប់ល្ពៅលីង” បានត្រឹមបម្រើអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ បើថ្នាក់លើចាត់ចែងគាត់ឱ្យទៅ ធ្វើការកន្លែងណា ក៏ត្រូវថៅកែដង្ខៅ “ស៊ីដូចគ្រាប់ល្ពៅលីង” ឧទាហរណ៍ដូច “មន្ត្រីពេទ្យសត្វ” ពុករលួយ គាត់មិនរវល់ ពិនិត្យគោ ជ្រូក មានជំងឺនោះទេ ចាំតែ “ថៅកែសត្តឃាតដ្ឋាន” ឱ្យស៊ីញ៉េ ក៏ស៊ីញ៉េទាំងងងឹតងងុល ដោយដាក់ចំណារលើ លិខិតសុំសម្លាប់គោ យកសាច់លក់ថា “អនុញ្ញាតឱ្យពិឃាត” ទោះជាគោនោះឈឺ ឬជ្រូកឈឺ ក៏មន្ត្រីគ្រាប់ល្ពៅលីង អនុញ្ញាត ទាំងអស់។ មន្ត្រីពេទ្យសត្វនេះ ក៏បានសាច់គោ សាច់ជ្រូក និងលុយកាក់ហូរចូលរាល់ថ្ងៃ ពីកុងស៊ីចិន ប៉ុន្តែបើកសិករ ហ៊ាន កាប់ជ្រូក ដឹកលក់តាមភូមិ ច្បាស់ជាពេទ្យសត្វនោះ រករឿងចាប់យកសាច់ ឬឃាត់ខ្លួនមនុស្សពីបទ “លក់សាច់សត្វមានជំងឺ”។

ត្រង់ហ្នឹងហើយ ដែលហៅថា “មន្ត្រីគ្រាប់ល្ពៅលីង” គឺសម្រាប់តែថៅកែ ដង្ខៅ អុងប៉ាង កុងស៊ី ប្រើក្បាលតាមចិត្ត អត់គិតពីផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពី “មន្ត្រីគ្រាប់ល្ពៅ” ជារឿយៗដែរ គឺសំដៅដល់ “គ្រាប់ល្ពៅលីង” នេះឯង មិនមែនជា “គ្រាប់ល្ពៅពូជ” នោះទេ។ អាចហៅថា ជា “មន្ត្រីជើង១០” ក៏បាន ព្រោះគាត់ដើរមិនហួសពីតុ កៅអី រលោងស្រិល ឬវិលក្នុងការិយាល័យ។

ពាក់ព័ន្ធដល់ការឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅ ក៏លេចធ្លាយថា មកពីមាន “មន្ត្រីគ្រាប់ល្ពៅលីង” ចេញរបាយការណ៍ ភូតភរថ្នាក់លើ។ សូម្បីតែលោកសុខ ឥសាន អ្នកនាំពាក្យ CPP ក៏បានប្រាប់ “នគរធំ” និងផុសសំណេរតាមហ្វេសប៊ុក ថា “ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកពីមន្ត្រីគ្រាប់ល្ពៅនេះ ដែលធ្វើឱ្យខូចមុខមាត់រាជរដ្ឋាភិបាល”។

នេះជាការពិតហើយ បើទីណា ស្ថាប័នណា មាន “មន្ត្រីគ្រាប់ល្ពៅលីង” ច្រើនច្បាស់ជា “ឧកញ៉ាទំពាក្រឹបៗ កុំឱ្យស្ងួត មាត់”។ ដល់ដឹងថា ជភភ មានមន្ត្រីគ្រាប់ល្ពៅលីង ទើបពួកប្រឆាំង យកជាដើមចម “វាយប្រហារ CPP” អត់ឈប់។ ពួកប្រឆាំង បន្តុះបង្អាប់ បន្ទាបបន្ថោក ជភភ ធ្ងន់ៗណាស់ បានទាំងអំពាវនាវកុំឱ្យសម្បុរសជនទៅជួយដាំឈើឡើងវិញ ទៀតផង។ ឥឡូវពួកប្រឆាំង យករូបថត “ខួងដីធ្វើរបង” នៅចំណុចដីដែលឈូសឆាយរួចនោះ ជាពិសេសលោកឆាំ ឆានី សហការីលោកសម រង្ស៊ី បានផុសសំណេរតាមហ្វេសប៊ុក ថា “ដំណឹងពីភ្នំតាម៉ៅ បន្ទាប់ពីគេទម្លាក ABA រៃលុយ ឥឡូវគេ ទម្លាក់ AK កាងលែងឱ្យចូលដាំកូនឈើទៀតហើយ” ដែលសំណេរបែបនេះ គឺមានចេតនាវាយប្រហារ CPP។ សម្តេចហ៊ុន សែន ជាអ្នកដឹកនាំ “សម្តីឥសូរ” ចេញបញ្ជាឱ្យលុបហើយ មិនឱ្យអាចលេបដីនោះវិញទេ ឯការធ្វើរបងក្រុមហ៊ុន ក្រែងគេ ការពារកូនឈើទើបនឹងដាំ?

សរុបទៅ “មន្ត្រីគ្រាប់ល្ពៅ” មាន ២បែប គឺមន្ត្រីគ្រាប់ល្ពៅពូជ និងមន្ត្រីគ្រាប់ល្ពៅលីង។ ស្ថាប័នណាដែលមានមន្ត្រី ប្រភេទទី១ ធ្វើឱ្យប្រជាពលរដ្ឋអបអរសាទររស់ក្នុងសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចំណែកមន្ត្រីប្រភេទទី២ ឬ “គ្រាប់ល្ពៅលីង” ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ ទោះជាពួកគាត់មិនហ៊ាននិយាយ ក៏រស់នៅទាំងចង្អៀតចង្អល់ ស្គាល់តែ អពមង្គល សុខតែកាយ ឯចិត្តមិនសប្បាយ…៕ ដោយ អាចារ្យថាំ

RELATED ARTICLES