ខេត្តព្រះសីហនុ ៖ ករណីទំនាស់ប្ដីប្រពន្ធមួយគូ នៅក្រុងព្រះសីហនុ ដែលប្ដីជាថៅកែហាងខារ៉ាអូខេ និងប្រពន្ធជាម្ចាស់ហាងសាឡន បានចោទគ្នាទៅវិញទៅមកថា មានអ្នកថ្មី (អ្នកទី៣) នោះ នៅមិនទាន់ស្ងប់ស្ងាត់ពីបណ្ដាញសង្គម ដោយមានការប្តឹងផ្តល់គ្នាឡើងតុលាការផងដែរ។ ប៉ុន្តែមកដល់ពេលនេះ មានការភ្ញាក់ផ្អើលថា ប្ដីប្រពន្ធខុសវ័យនេះ បែរជាយករឿងអប្បិយជំនឿ មកប្រកាសតតាំងគ្នាពីចម្ងាយទៅវិញ ក្រោយពេលដែលបុរសជាប្ដី បន្តចោទប្រពន្ធថាក្បត់ រត់ចោលប្តី ធ្វើស៊ីដើម្បីលុយ ។ ចំណែកស្រ្តីជាប្រពន្ធ បបួលប្ដីស្បថមុខបារមីយាយម៉ៅ រឿងលួចមានស្រី នាំទៅដេកផ្ទះសំណាក់ ។
លោកអ៊ឹង ស៊ីហេង ជាប្ដី អាយុ ៥៩ឆ្នាំ ជាថៅកែភោជនីយដ្ឋាននិងខារ៉ាអូខេ ឡាឡូននៅក្រុងព្រះសីហនុ បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា «នៅក្នុងពិភពលោកនេះ ខ្ញុំពិតជានឹកស្មានមិនដល់ ព្រោះតែពាក្យមួយម៉ាត់ថា «លុយ» អាចធ្វើឲ្យមនុស្សហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ហ៊ានក្បត់ ព្រមទាំងហ៊ានធ្វើស៊ី សូម្បីតែប្តីខ្លួន។ ខ្ញុំសូមគោរព ហើយក៏សូមអគុណទៅដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ដែលបានជួយស្រាយបំភ្លឺរឿងក្តីនេះ ទៅដល់មេធាវីខ្ញុំបាទ។ សូមបងប្អូនចាំមើលរឿងពិត តទៅមុខទៀត…»។
ចំណែកអ្នកស្រីសាំង ស៊ូឡុង អាយុ២៩ឆ្នាំ ជាប្រពន្ធ បានលើកឡើងក្នុងន័យឆ្លើយតបទៅបុរសជាប្តីវិញថា ក្នុងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ អស់រយៈពេល ៨ឆ្នាំកន្លងមកនេះ ប្ដីរបស់អ្នកស្រី មិនដែលឲ្យលុយទុកដាក់ ចាយវាយទេ ហើយនៅចោទអ្នកស្រីថា ធ្វើស៊ីគាត់ទៀត ។ ជាពិសេស នៅពេលអ្នកស្រីក្របួចគាត់និងស្រីចិញ្ចឹម នៅផ្ទះសំណាក់បាន បែរជាបង្វែងដានមហាជន ទៅជារឿងលុយទៅវិញ ។ ដូច្នេះហើយទើបអ្នកស្រីចង់ប្រាប់ទៅប្ដីនោះថា បើគាត់ជឿលើបារមីយាយម៉ៅ មែន គាត់ត្រូវតែហ៊ានស្បថថា គាត់មិនបានចិញ្ចឹមស្រី ក្បត់ចិត្តអ្នកស្រីជាប្រពន្ធ ។ បើខុសសម្បថ សូមឲ្យគាត់ទៅណាមកណា មានគ្រោះថ្នាក់ក្នុងរយៈពេល៣ថ្ងៃ ទៅ៧ថ្ងៃ ហើយនឹងឲ្យហាងដែលគាត់និងអ្នកស្រីខំកសាងរួមគ្នានេះ រលាយចុះ តែបើអ្នកស្រីចោទគាត់មិនពិត អ្នកស្រីក៏សុខចិត្តទទួលគ្រោះនេះដូចគ្នា ។
អ្នកស្រីសាំង ស៊ូឡុង បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃដដែលនោះថា “ពេលនេះ ទើបខ្ញុំដឹងច្បាស់ថា ខ្ញុំល្ងង់ ខ្ជះខ្ជាយយុវវ័យរបស់ខ្ញុំ ជិត ៨ឆ្នាំ ទៅលើមនុស្សខុស។ សូម្បីអ្នករត់ម៉ូតូឌុប រកបានមួយថ្ងៃ ១ម៉ឺនរៀល ក៏គេចេះឲ្យប្រពន្ធទុកដាក់ដែរ ខុសគេតែអតីតប្តីខ្ញុំ ជាអាណិកជន និងជាថៅកែហាង KTV ធំគ្រាន់បើដែរ ជិត ៨ឆ្នាំ មិនដែលឲ្យលុយប្រពន្ធទុកដាក់ ឬចាយវាយទេ និយាយឡើងរកស៊ីរៀងខ្លួន ហើយនៅហ៊ានបង្ហោះអួតនិងចោទថាខ្ញុំធ្វើស៊ីទៀត ។ បងប្អូនខ្លះក៏ជឿវាទៅ ទាំងមិនដឹងរឿងពិត មនុស្សនេះកំណាញ់ណាស់ជាមួយប្រពន្ធ តែបើជាមួយកូនចៅវាវិញ ចាយហូរដូចទឹក តែខ្ញុំមិនដែលត្អូញត្អែរឡើយ គិតថារកខ្លួនឯងបានប៉ុនណា ចាយប៉ុណ្ណឹងទៅ ។
កុំភ្លេចថា រឿងនេះដើមហេតុគឺខ្ញុំក្របួចលោកឯងនិងស្រីចិញ្ចឹម នៅផ្ទះសំណាក់តើ! ចាំបាច់បង្វែងដានមហាជន ទៅជារឿងលុយវិញ… ហើយបើជឿលើបារមីយាយម៉ៅ មែន លោកឯងហ៊ានស្បថអត់ថា លោកឯងមិនបានយកវាជាស្រីចិញ្ចឹមមែន? បើខុសសម្បថ សូមឲ្យលោកឯងទៅណាមកណា មានគ្រោះថ្នាក់ ក្នុងរយ:ពេល ៣ថ្ងៃ ទៅ៧ថ្ងៃ ហើយនិងឲ្យហាងដែលលោកឯងនិងខ្ញុំខំកសាងរួមគ្នានេះ រលាយចុះ តែបើខ្ញុំចោទលោកឯងនេះមិនពិត ខ្ញុំក៏សុខចិត្តទទួលគ្រោះនេះដូចគ្នា… ហ៊ានអត់!!?!?“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកស្រីសាំង ស៊ូឡុង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថា តាមពិតក្នុងរឿងលែងលះជាមួយប្ដីនេះ អ្នកស្រីក៏បានរកមេធាវី ដើម្បីតទល់គ្នាតាមផ្លូវច្បាប់ដែរ ប៉ុន្តែរឿងបបួលស្បថ ជាជម្រើសចុងក្រោយមួយទៀត នៅពេលដែលទាល់ច្រក ហើយអ្នកស្រីជឿថា បុរសជាប្ដីនេះ នឹងស្បថតាមការបបួលរបស់អ្នកស្រី គឺគាត់នឹងមិនខ្លាចការស្បថទេ ព្រោះគាត់តែងតែស្បថបំពានរហូត ។
អ្នកស្រីសាំង ស៊ូឡុង បាននិយាយថា “ចា! ខ្ញុំអត់មានអី្វត្រូវលើកឡើងទៀតទេ ខ្ញុំធ្វើទៅតាមច្បាប់ទេ ។ បើនិយាយរឿងស្បថវិញ គឺជាពាក្យមួយដែលទាល់ច្រក ចង់និយាយថា មនុស្សយើង តែចង់ឈ្នះហើយ ហ៊ានស្បថបំពានទាំងអស់ហ្នឹង ។ និយាយឲ្យចំ ចុងក្រោយ គាត់ធ្វើអីខ្លួនឯង គាត់ដឹងហើយ ខ្ញុំអត់មានអីត្រូវនិយាយជាមួយទេ ចង់និយាយជាមួយខ្ញុំ និយាយជាមួយមេធាវីខ្ញុំទៅ ។ បានន័យថា ខ្ញុំក៏មានមេធាវី តទល់ជាមួយគាត់ដែលថាមានមេធាវីដែរ ។ ប៉ុន្តែចំពោះរឿងស្បថនេះ គាត់ហ្នឹងពិតជាហ៊ានស្បថហើយ ព្រោះគាត់ស្បថបំពានរហូតហ្នឹង ឯខ្ញុំក៏មិនខ្លាចក្នុងការស្បថដែរ ព្រោះអ្វីដែលយើងមិនបានធ្វើ យើងទៅខ្លាចធ្វើអី!“ ។
ទោះបីជាយ៉ាងណា ជ។វិញរឿងប្រពន្ធបបួលស្បថ ពីរឿងចោទនាងក្បត់រត់ចោល និងធ្វើស៊ីលោកនេះ និងពាក់ព័ន្ធមានស្រីចិញ្ចឹមខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ ការឆ្លើយតបពីលោកអ៊ឹង ស៊ីហេង ជាប្តីបានទេ កាលពីម្សិលមិញ ៕ កុលបុត្រ