កោះព្រហ្មចារី ជារមណីយដ្ឋាទេសចរណ៍ដ៏ល្អប្រណីត ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ទីរួមខេត្ត។
កោះព្រហ្មចារី ជាទីឋានទេសចរដ៏ល្អស្អាតដូចក្រមុំព្រហ្មចារី ទើបត្រូវបានដាក់ឈ្មោះបែបនេះ។


ដើម្បីទៅដល់កោះព្រហ្មចារី ភ្ញៀវទេសចរ ត្រូវជិះកាណូត ធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ នឹងបានទៅដល់កោះព្រហ្មចារី ដ៏ទាក់ទាញមួយនេះ ដែលកន្លងទៅត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី។


យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា កោះព្រហ្មចារី ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានអំពាវនាវទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថាគួរតែទៅទស្សនាកោះព្រហ្មចារី ជ្រោយបន្ទាយ ដែលមានទេសភាពល្អប្រណីត ពិសេសបានទស្សនាសត្វផ្សោត សត្វក្ដាន់ ដែលសុទ្ធតែជាសត្វកម្រ ទស្សនាទេសភាពព្រៃឈើ ព្រៃលិចទឹក មានក្បូរក្បាច់ល្អស្រេចពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារី និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គទាំងមូលផងដែរ។


ប្រធានមន្ទីរតេចរណ៍ ឲ្យដឹងបន្តថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយនេះឡើង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដាក់ឈ្មោះជាផ្លូវការថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជ្រោយបន្ទាយ»។ ការបង្កើតសហគមន៍នេះ មានគោលបំណងដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍ លើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក ពិសេសគឺដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ សត្វផ្សោត។


កោះព្រហ្មចារី ជាសម្បុកនៃទេសភាពដ៏ស្រស់ត្រកាលចម្រុះ សម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសគឺការទស្សនាសត្វក្ដាន់ ដែលជាសត្វកម្រ ហើយនៅមានវត្តមានក្នុងតំបន់នេះ និងសក្ដានុពលផលិតផលទេសចរណ៍ជាច្រើនទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរអាចជិះទូក-កាណូត ទស្សនាតាមដងទន្លេ ដើម្បីមើលសត្វផ្សោត និងទៅលេងលើកោះព្រហ្មចារី ស្ទួចត្រី ពិកនិកនៅលើកោះ និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។

លោកប្រធានមន្ទីរទេសចរណ៍ បន្តទៀតថា ពីដំបូងឡើយ អ្នកស្រុកនៅទីនេះ ហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែក្នុងពេលដែលលោក ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ លោកបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះ មុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីរមណីយ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារី ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ លោកក៏សម្រេចជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារី» តែម្ដង៕