ភ្នំពេញ៖លោកខាន់ ជេមស៍ ជាម្ចាស់បទ”របាំចងស្នេហ៍”ដែលបទមួយនេះលោកចេញតាំងពី១៤ឆ្នាំមុននៅផលិតកម្មRock នោះបាននិយាយពាក់ព័ន្ធរឿងបេក្ខភាពCambodian Idol រដូវកាលទី៤វគ្គLive Show សប្ដាហ៍ទី៥លោកស៊ឹម ច័ន្ទពន្លឺ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់ថាលោកច្រៀងបទមួយនេះមិនកើតគឺសម្លេងអន់ជាងអ្នកធ្លាក់រហូតមានចម្ងល់ថាហេតុអីបានជាលោកពន្លឺ បានមកដល់វគ្គនេះដោយលោកជេមស៍ អះអាងថាតាមពិតបេក្ខភាពម្នាក់នេះមិនមែនលោកច្រៀងមិនពិរោះនោះទេ ច្រៀងបាន តែតាមលោកគិតថាអាចមកពីបញ្ហាសុខភាពបានជាកន្លែងខ្លះរាងភ្លាត់តិចតួច។លោកជេមស៍ បានប្រាប់”នគរធំ”នៅថ្ងៃទី២០សីហា ថាមិនថាតែលោកពន្លឺ ដែលជាតារាចម្រៀងថ្មីនោះទេ សូម្បីតែតារាចម្រៀងអាជីពរាប់ឆ្នាំក៍មានពេលខ្លះនៅតែភ្លាត់ដែរហើយរឿងនោះកើតឡើងនៅពេលដែលមានបញ្ហាសុខភាពមិនល្អនេះឯង។តារាសាន់ដេរូបនេះបន្ថែមថាលោកពន្លឺ ច្រៀងបទ”របាំចងស្នេហ៍”ចាប់ផ្ដើមចូលដំបូងបានល្អ តែត្រង់ឃ្លា”បងសូមថ្នាក់ថ្នម…”ធ្វើមិនសូវបានល្អនោះគឺមកពីគាត់មានសុខភាពតែម្ដង។លោកថាបើបេក្ខភាពរូបនេះច្រៀងបទផ្សេងប្រហែលជាមិនអីទេ តែគេរើសយកបទនេះឲ្យគាត់ច្រៀងដែលមើលទៅមិនសាកសមជាមួយគាត់ទេ ខណៈដែលលោកក៍ធ្លាប់ឃើញលោកពន្លឺ ច្រៀងបទដ៍ទៃក៍ធ្វើបានល្អច្រើនដែរ។


ក្រៅពីនៅតែលើកទឹកចិត្តដល់បេក្ខភាពស៊ឹម ច័ន្ទពន្លឺ នោះលោកខាន់ ជេមស៍ ក៍បានឲ្យដឹងដែរថាបទ”របាំចងស្នេហ៍”នេះទាមទារឲ្យអ្នកដែលចង់យកទៅច្រៀងចេះ”អឿន”ទើបអាចច្រៀងចម្រៀងមួយបទនេះបានល្អ ហើយថ្ងៃក្រោយបើមានប្អូនៗចង់លើកយកបទចម្រៀងរបស់លោកទៅប្រលងគឺបើត្រូវការលោកជួយណែរនាំឬបង្ហាត់ពីបច្ចេកទេសនៃការច្រៀងបទរបស់លោកឲ្យបានត្រូវលោកសូមស្វាគមន៍ជានិច្ច។លោកជែមស៍ បានឲ្យដឹងទៀតថាក្នុងនាមជាតារាចម្រៀងម្នាក់លោកមានក្ដីរំភើបរីករាយនិងពេលខ្លះលួចញញឹមតែម្នាក់ឯងទៀតផងពេលដែលឃើញប្អូនៗជំនាន់ក្រោយបានលើកយកបទចម្រៀងរបស់លោកទៅបកស្រាយបើទោះជាមើលទៅពេលខ្លះឃើញនៅមានចំណុចខ្វះខាតតិចតួចក្ដី ប៉ុន្ដែលោកមានតែថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីប្រលងចម្រៀងទាំងអស់រួមទាំងហង្សមាសផងដែរដែលរៀបចំឲ្យមានCambodian Idol នេះឡើងដើម្បីឲ្យប្អូនៗបានបញ្ចេញសម្ថភាពនិងយកបទចម្រៀងល្បីៗរបស់លោកក៍ដូចជាតារាផ្សេងៗទៀតមកបកស្រាយឡើងវិញធ្វើឲ្យបទចម្រៀងទាំងនោះនៅតែរស់រវើកនិងត្រូវគ្រប់សម័យកាលផងដែរ។



ខាន់ ជេមស៍ បានក្លាយទៅជាតារាលំដាប់ជូរមុខគេរបស់សាន់ដេហើយកន្លងមកលោកថាគ្មានគម្រោងចាកចេញពីផលិតកម្មធំមួយនេះទៅផលិតកម្មផ្សេងឡើយ ព្រោះលោកមានក្ដីសុខជាមួយទ្រនុំនេះ។លោកបានឲ្យដឹងដែរថាទោះជាពេលនេះលោកមានបទថ្មីៗចេញជាបន្ដបន្ទាប់នៅសាន់ដេក្ដីតែពេលច្រៀងសម្ដែងតាមកម្មវិធីទាំងឡាយលោកនៅតែលើកយកបទចម្រៀងរបស់លោកនៅRock ដែលល្បីតាំងពីជាង១០ឆ្នាំមុនទៅបកស្រាយតាមកម្មវិធីជាច្រើនដើម្បីឲ្យFan បានទស្សនាលោកច្រៀងផ្ទាល់ក្នុងនោះមានដូចជាបទ”របាំចងស្នេហ៍”,”ស្ដាយក្រោយ”និង”រយពាន់ផ្ញើរសា”ជាដើមហើយឃើញថាបងប្អូននៅតែស្គាល់និងចងចាំបទនោះដោយការគាំទ្រច្រើន។


សូមបញ្ជាក់ថាលោកខាន់ ជេមស៍ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានងាកទៅធ្វើមុខជំនួញអចលនទ្រព្យ និងបង្កើតមុខរបរថ្មីៗជាបន្ដបន្ទាប់ទើបធ្វើឲ្យលោកមានជីវភាពធូធារដោយទិញបានផ្ទះវីឡារប្រណិតនិងជះរថយន្ដទំនើបៗ។តារាចម្រៀងរូបនេះក៍តែងតែលេចមុខរួមគ្នាជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ជាញឹកញាប់ព្រោះអ្នកទាំងពីរស្រលាញ់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ខណៈដែលលោកជេមស៍ ជាអ្នកចម្រៀងម្នាក់ដែលចេះគោរពរៀមច្បងនិងមានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈរួមអាជីពនិងFan របស់ខ្លួនទើបលោកអាចឈជើងស្ថិតក្នុងលំដាប់តារាជូរមុខរហូតមកដល់បច្ចុប្បន្ន៕
