ភ្នំពេញ៖តារាសម្ដែងរូបស្រស់រចនា រ៉ាវាឌី និងបុរសលេងសាច់សុំរូបសង្ហារលោកប៉ែន ភ័ក្រសុធារិទ្ធ បានលេចមុខព្រមគ្នាសម្ពោធហាងTP Homme By Rachana នៅផ្លូវ៣៦០(ទល់មុខឡានទឹកចាស់) ដែលជាហាងលក់សម្លៀកបំពាក់បុរសនារីDesign យ៉ាងប្រណិតនិងចំណាយទុនរួមគ្នាអស់ជាច្រើនម៉ឺនដុល្លារ។តែទាំងរចនា និងលោកសុធារិទ្ធ មិនប្រាប់ពីទំហ៊ុំលុយដែលពួកគេដាក់ទុនរួមគ្នានេះឡើយ គ្រាន់តែបង្ហើបថាពិតជាចំណាយច្រើនលើសការរំពឹងទុកពិតប្រាកដមែន។



តារាសម្ដែងរចនា រ៉ាវាឌី វាចាថានាងធ្លាប់មានបទពិសោធន៍រកស៊ីលក់សម្លៀកបំពាក់តាមOnline ជាច្រើនឆ្នាំហើយនិងមានFan ជម្រុញឲ្យបើកហាងនេះឡើងទើបានសម្រេចចិត្តធ្វើវានៅពេលនេះ។ដោយឡែកទាក់ទងរឿងជ្រើសរើសលោកប៉ែន ភ័ក្រសុធារិទ្ធ ជាដៃគូនៃមុខជំនួញនោះនាងថាដោយសារតែបានស្គាល់គ្នារយៈពេលជិត៦ឆ្នាំទៅហើយ និងធ្លាប់ថតរឿងជាមួយគ្នាបាន១រឿងទៀតផងគឺ”លះបង់”របស់ផលិតកម្មSastra Film ទើបមានទំនុកចិត្តរកគ្នាកាន់តែខ្ពស់ ខណៈដែលការចេញរកស៊ីជាមួយគ្នានៅពេលនេះក៍មានកិច្ចសន្យាជាមួយគ្នាច្បាស់លាស់ដែរដើម្បីឲ្យកាន់តែមានទំនុកចិត្តលើគ្នាថែមទៀត។ចំណែកលោកប៉ែន ភ័ក្រសុធារិទ្ធ វិញបានឲ្យដឹងដែរថាមុនលោកឈានមកបើកមុខរបររកស៊ីជាមួយកញ្ញារ៉ាវាឌី នេះលោកក៍មានហាងសម្លៀកបំពាក់មួយទៀតដែលតំណើរការដោយរលូនជាច្រើនឆ្នាំមកហើយផងដែរ។លោកថាទាំងរូបលោកនិងរ៉ាវាឌី បានសាងកេរ្ដិ៍ឈ្មោះមកជាយូឆ្នាំហេតុនេះមិនធ្វើឲ្យអតិថិជនខកបំណងចំពោះអាជីវកម្មក្រៅសិល្បៈរបស់ពួកគេនាពេលនេះឡើយ ស្របពេលដែលអ៊ឺវ៉ាន់ក្នុងហាងយកមកពីប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជាថៃ,វៀតណាម ចិន និងហុងកុង ជាដើម។



ថ្វីត្បិតតែស្រីស្រស់រចនា រ៉ាវាឌី និងប្រុសស្អាតប៉ែន ភ័ក្រសុធារិទ្ធ មិនប្រាប់ពីទំហ៊ុំទឹកលុយដែលពួកគេវិនិយោគរួមគ្នាក្ដី តែតាមការបង្ហើបពីអ្នកស្និតតារាទាំងពីរបានឲ្យដឹងថាហាងថ្មីរបស់ពួកគេនោះចំណាយទុនអស់ជាង១០ម៉ឺនដុល្លារឯណ្ណោះ។ដោយឡែកFan មួយចំនួនរបស់តារាទាំង២ដួងនេះ សង្ស័យថារ៉ាវាឌី និងសុធារិទ្ធ ពេលនេះមិនត្រឹមតែបោះទុនរកស៊ីធំចូលគ្នានោះទេ ប៉ុន្ដែពួកគេថែមទាំងវិនិយោគទាំងបេះដូងជាមួយគ្នាទៀតផងតែស្រីស្រស់ ប្រុសសង្ហារនៅតែអះអាងថារាប់អានគ្នាត្រឹមជាដៃគូជំនួញប៉ុណ្ណោះ គ្មានអ្វីជាពិសេសឡើយ៕


