Sunday, November 10, 2024
Homeព័ត៌មានជាតិឈប់ម៉ូតូ ឈរនោម ចោរវ៉ៃប្លន់

ឈប់ម៉ូតូ ឈរនោម ចោរវ៉ៃប្លន់

ភ្នំពេញ ៖ បុរសជាជាងកាត់សក់ម្នាក់ បានឈប់ម៉ូតូ រកកន្លែងបត់ជើងតូច ស្រាប់តែលេចមុខជនសង្ស័យ ៣នាក់ ប្រដាប់ដោយដាវ និងដុំថ្ម បានធ្វើសកម្មភាពលបវាយ១ដុំថ្ម បណ្តាលឱ្យរយះក្បាល រួចប្លន់យកម៉ូតូជនរងគ្រោះ ជិះរត់គេច តែត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ប្រដេញតាមចាប់ខ្លួនបានម្នាក់ ខណៈដែលបក្ខពួក ២នាក់ទៀត បានរត់គេចបាត់អស់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខដីឡូត៍គ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះមានឈ្មោះស៊ុន ការីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុន លាងហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ រីឯបក្ខពួក ២នាក់ទៀត ឈ្មោះនិត និងឈ្មោះពាង រត់គេចខ្លួនបាត់។ ដោយឡែកម៉ូតូដែលជនសង្ស័យប្លន់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកឈប់នៅត្រង់ចំណុចកើតហេតុ ដើម្បីបត់ជើងតូច ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យ ៣នាក់ ឈ្មោះអ៊ុន លាងហៃ ឈ្មោះនិត និងឈ្មោះពាង ជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ស៊ីធីភ្លើស ពណ៌សលាយខ្មៅ គ្មានស្លាកលេខ មកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដាវគំរាម និងយកដុំថ្មវាយជនរងគ្រោះ បែកក្បាល ហើយប្លន់ម៉ូតូជនរងគ្រោះ ជិះគេចខ្លួន។

ប្រភពដដែល បន្តថា ពេលនោះ មានសមត្ថកិច្ចល្បាតបានប្រទះឃើញ ក៏ដេញតាមពួកជនសង្ស័យ រហូតដល់ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះអ៊ុន លាងហៃ រួមនិងវត្ថុតាង ម៉ូតូ ២គ្រឿង (ជាម៉ូតូជនរងគ្រោះ និងម៉ូតូជិះធ្វើសកម្មភាព) ព្រមទាំងដាវ ១ដើម រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES