ខេត្តមណ្ឌលគិរី ៖ មនុស្សម្នាក់បានស្លាប់ ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ដែលមានទីតាំងនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ពេលទៅស៊ីឈ្នួលកាប់ឈើ អារឈើ ឱ្យក្រុមហ៊ុន ណេង ណា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងតែមានតម្រូវការដឹកឈើចេញ ទើបបានប្រមូលកម្មករជាច្រើននាក់ ដើម្បីកាប់ឈើក្នុងព្រៃ ហើយដឹកតាមរថយន្តធំៗ ចេញជាប្រចាំ ច្រើនខែច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែពុំមានករណីបាត់បង់អាយុជីវិតមនុស្ស ពេលចូលកាប់ឈើ ដូចករណីលើកនេះទេ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវឈើសង្កត់ស្លាប់ មានឈ្មោះឡុង អឹន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករកាប់ អារឈើ មានលំនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក បានស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលកាប់ឈើឱ្យក្រុមហ៊ុនណេង ណា ហើយបាក់មែកឈើសង្កត់លើ។
សពត្រូវបានកម្លាំងជំនាញកោសល្យវិច័យរួច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជុំវិញករណីកាប់ឈើបាក់សង្កត់កម្មករម្នាក់ស្លាប់ខាងលើនេះ នៅមិនទាន់មានការបំភ្លឺពីតំណាងក្រុមហ៊ុន ណេង ណា នៅឡើយទេ កាលពីម្សិលមិញ៕