Friday, September 20, 2024
Homeព័ត៌មានជាតិពាលស៊ីពាល បាញ់គ្នាស្លាប់៣នាក់

ពាលស៊ីពាល បាញ់គ្នាស្លាប់៣នាក់

ភ្នំពេញ ៖ បុរសចំនួន៣នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ដោយមិនដឹងថាមានជំលោះឬគំនុំគ្នារឿងអ្វីឱ្យពិតប្រាកដនោះឡើយ (សង្ស័យពាលស៊ីពាល) បង្កឱ្យមានការភ្ញាក់ផ្អើលពេញខុនដូ មួយកន្លែង ទាំងពាក់កណ្តាលអធ្រាត្រ និងត្រូវសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់។

ករណីបាញ់ប្រហារសម្លាប់មនុស្ស ៣នាក់ យ៉ាងឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងខុនដូមួយកន្លែងយីហោ ហ្គោល ក្លាស (Gold CLASS) មានទីតាំងស្ថិតនៅអគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា យោងតាមការបំភ្លឺពីឈ្មោះ HSU YU  LIN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 និងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះទាំង៣នាក់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា សពជនរងគ្រោះដែលស្លាប់ទាំង៣នាក់ រួមមាន ៖ ទី១-ឈ្មោះ XIAO LING ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ។ ទី២-ឈ្មោះ AH WEI ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ និងទី៣-ឈ្មោះAH HONG ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ។ សពជនរងគ្រោះទាំង៣នាក់ គ្មានលិខិតឆ្លងដែនទេ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាននៅកន្លែងកើតហេតុ រួមមាន ៖ ១-អាវុធខ្លី  ម៉ាក Glock 19 ពណ៌ស្ករ ចំនួន ១ដើម។ ២- បង់ចំនួន២ និងគ្រាប់ ចំនួន ៤១គ្រាប់។ ៣-គ្រឿងញៀនប្រភេទ កេតាមីន ចំនួន ៤៣,៦៧ក្រាម និង៤-ទូរស័ព្ទ ១គ្រឿង  ពណ៌ខ្មៅ។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព តែមិនទាន់សន្និដ្ឋានបានថា មកពីមូលហេតុអ្វីនោះទេ ហើយគណៈកម្មការចម្រុះ កំពុងបន្តនីតិវិធី។ សពក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារ ឬតំណាងស្ថានទូត មកទទួលនិងចាត់ចែងបន្ត៕

RELATED ARTICLES