Friday, September 20, 2024
Homeព័ត៌មានជាតិសង្សារសុំបែក ប្រុសចងក បញ្ជាក់ចិត្តស្មោះ

សង្សារសុំបែក ប្រុសចងក បញ្ជាក់ចិត្តស្មោះ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវសង្សារសុំបែកចែកផ្លូវ ធ្វើឱ្យឈឺចាប់រហូតទ្រាំលែងបាន សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង ដើម្បីបញ្ជាក់ពីទំហំចិត្តស្មោះដែលមានចំពោះនារីដែលខ្លួនស្រលាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះវៀត ណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កូនរបស់គាត់ (ជនរងគ្រោះ) បានចេញពីធ្វើការដូចសព្វដង។ បន្ទាប់មក ពេលកំពុងសម្រាកនៅក្នុងផ្ទះ ស្រាប់តែសង្សាររបស់គេបានទូរស័ព្ទមក និយាយជាមួយគ្នាមួយសន្ទុះ ដោយមិនដឹងច្បាស់ថា និយាយពីរឿងអ្វីនោះទេ តែឃើញពួកគេនិយាយតាមវីដេអូខល និងឮតែកូនប្រុសគាត់និយាយជាមួយសង្សារជាចុងក្រោយថា “បើអូនមិនជឿចិត្តបង បងនឹងចងកឱ្យអូនមើល”។ លុះពេលនិយាយទូរស័ព្ទជាមួយសង្សារចប់ កូនប្រុសរបស់គាត់ មិនមាត់មិនកអ្វីទាំងអស់ រួចក៏បានឡើងទៅលើបន្ទប់ជាន់ទី២ បាត់ទៅ។

ស្ត្រីជាម្តាយ បានបន្តថា លុះក្រោយពីបាត់កូនប្រុសមួយសន្ទុះ ពួកគាត់បាននាំគ្នាឡើងទៅដល់បន្ទប់ជាន់ទី២ ដើម្បីរកមើល ស្រាប់តែឃើញកូនរបស់គាត់បានចងកនឹងចម្រឹងដែកទ្វារ ពេលនោះឪពុកក៏បានខំស្រាយទម្លាក់ ហើយជួយសង្គ្រោះបឋមដែរ តែជាអកុសល កូនរបស់គាត់ បានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចុះពិនិត្យដល់ទីតាំងនៅកន្លែងកើតហេតុតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីគ្រួសារសពភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានចុះទៅដល់ទីតាំងកើតហេតុ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យ នៃស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្ហួនប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES