Friday, September 20, 2024
Homeព័ត៌មានជាតិកម្មករបូមខ្សាច់ ទុយោស្រូបចូលស្លាប់

កម្មករបូមខ្សាច់ ទុយោស្រូបចូលស្លាប់

ភ្នំពេញ ៈ បុរសម្នាក់ បានចូលធ្វើការងារជាកម្មករក្នុងការដ្ឋានបូមខ្សាច់ មួយកន្លែង ទើបនឹងបាន១០ថ្ងៃ ស្រាប់តែជួបគ្រោះអកុសល ត្រូវទុយោបូមខ្សាច់ បឺតស្រូបចូលក្នុងទុយោ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចដេប៉ូខ្សាច់ ប៊ុនហាន់ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សពជនរងគ្រោះ មានឈ្មោះផូ សុខចើង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករបូមខ្សាច់ មានលំនៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបនឹងចូលមកធ្វើការនិងស្នាក់នៅកន្លែងកើតហេតុខាងលើ បានរយៈពេលប្រមាណ ១០ថ្ងៃប៉ុណ្ណោះ។

យោងតាមការបំភ្លឺពីឈ្មោះមាស ហេងវិឆេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមេការក្នុងការដ្ឋានបូមខ្សាច់ខាងលើ បានឱ្យដឹងថា ជនរងគ្រោះ ទើបនឹងចូលមកធ្វើការនៅដេប៉ូខ្សាច់ រយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ដោយធ្វើជាកម្មករបូមខ្សាច់។ លុះមកដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ គាត់បានប្រាប់ឱ្យជនរងគ្រោះទៅមើលទុយោបូមខ្សាច់ នៅខាងក្រោយ ក្រែងស្ទះទុយោ។

បុរសជាមេការ បន្តថា លុះមកដល់ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល ដោយបាត់ជនរងគ្រោះយូរពេក មិនឃើញមកវិញ ទើបគាត់បានទូរស័ព្ទទៅជនរងគ្រោះ តែគ្មានអ្នកលើកសោះ។ បន្ទាប់មក គាត់ក៏បានដើរទៅមើល ស្រាប់តែទៅដល់ ក៏ប្រទះឃើញជនរងគ្រោះជាប់មួយកំណាត់ខ្លួនចូលទៅក្នុងទុយោបូមខ្សាច់ បាត់ទៅហើយ ទើបគាត់បានប្រាប់ទៅអ្នកបើកអេស្ការវ៉ាទ័រ ឱ្យកាយយកទុយោឡើងមកលើ រួចនាំគ្នាទាញជនរងគ្រោះចេញមកក្រៅ តែអកុសល ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារឈ្លក់ទឹក និងខ្សាច់។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES