Friday, September 20, 2024
Homeព័ត៌មានជាតិលួចម៉ាស៊ីនបូមទឹក ម្ចាស់គេទាន់ ខ្នោះ២នាក់

លួចម៉ាស៊ីនបូមទឹក ម្ចាស់គេទាន់ ខ្នោះ២នាក់

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលបចូលទៅលួចម៉ាស៊ីនបូមទឹក ១គ្រឿង របស់អ្នកជិតខាង តែគាប់ជូនត្រូវម្ចាស់គេទាន់ ក៏ទុកម៉ាស៊ីនចោល រួចរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះស្គាល់មុខច្បាស់ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ាស៊ីនបូមទឹកនេះ បានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់បាយ មួយកន្លែង (ឈ្មោះម្លប់ជ្រៃ) ស្ថិតក្នុងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅសាកសួរ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឃី ខន ភេទប្រុស អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះរិន រ៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ។ ជនសង្ស័យទាំង២ មានលំនៅភូមិស្តុកស្តម ឃុំជ្រាប់ ស្រុកស្ទុក។ ចំណែកជនរងគ្រោះ មានឈ្មោះហៀង សុផា ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ាស៊ីនបូមទឹក ១គ្រឿង ពណ៌ក្រហមលាយស ម៉ាកយូកូហាម៉ា កម្លាំង៣សេស នៅក្រោយហាងលក់ដូររបស់គាត់ ពោលគឺជាប់នឹងរបងផ្ទះជនសង្ស័យទាំង២ខាងលើ។ លុះមកដល់យប់ថ្ងៃកើតហេតុ ជនសង្ស័យទាំងពីរនាក់ បានចូលមកលួចអូសយកម៉ាស៊ីនបូមទឹករបស់គាត់ចេញបានប្រហែល ៥ម៉ែត្រ លោកបានឮសំឡេងគួរឱ្យសង្ស័យ ច្របាច់ភ្លើងពិលមើល ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់គាត់ ទើបគាត់ស្រែកឆោឡោឡើង ធ្វើឱ្យជនសង្ស័យភ័យ ទុកម៉ាស៊ីនចោល រួចរត់គេចខ្លួនបាត់ តែគាត់បានស្គាល់មុខសញ្ញាច្បាស់ថាជាមនុស្សនៅភូមិជាមួយគ្នា នៅជាប់របងផ្ទះគ្នាតែម្តង ទើបព្រឹកឡើង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គាត់ក៏ប្តឹងសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាខាងលើតែម្តង។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក របស់ឈ្មោះហៀង សុផាត នៅភូមិជាមួយគ្នាប្រាកដមែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES