Saturday, April 20, 2024
Homeព័ត៌មានជាតិម្ចាស់មិននៅ​ ភ្លើងឆេះផ្ទះហ្មត់

ម្ចាស់មិននៅ​ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ចាម ៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់ផ្ទះមិននៅ ដោយបុរសជាប្តីរវល់ចេញទៅធ្វើចម្ការ ចំណែកស្ត្រីជាប្រពន្ធ បានចេញទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ស្រាប់តែកើតមានហេតុការណ៍អគ្គិភ័យ បង្កឱ្យឆេះបំផ្លាញផ្ទះទាំងមូល រួមនិងទ្រព្យសម្បត្តិទាំងស្រុង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥១នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៦,៥ម៉ែត្រ គុណនឹង ១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះហួត គឹមសាន ភេទប្រុស អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះលឹម ចាន់ណា អាយុ៥៩ឆ្នាំ មានលំនៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ។ ក្រោយពីទទួលបានទទួលព័ត៌មាន ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ចុះទៅអន្តរាគមន៍ជួយពន្លត់ជាបន្ទាន់ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប និងកម្លាំងប្រជាការពារ ជាច្រើននាក់។

ប្រភពដដែល បន្តថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់អស់ ១០០ភាគរយ នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃដដែល។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ គឺបណ្តាមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ខណៈដែលម្ចាស់ផ្ទះមិននៅ (បុរសជាប្តីទៅចម្ការ រីឯស្ត្រីជាប្រពន្ធ ទៅអង្គុយលេងផ្ទះអ្នកជិតខាង)។ យ៉ាងណា ករណីនេះមិនបណ្តាលឱ្យរបួសដល់មនុស្សណាម្នាក់នោះទេ ។

ចំណែកទំហំនៃការខូចខាត រួមមាន ឆេះផ្ទះអស់ ១ខ្នងទាំងស្រុង ប្រាក់ ចំនួន ៤លានរៀល អង្ករ ចំនួន១៥០គីឡូក្រាម  ទូទឹកកក ១គ្រឿង ទូខោអាវ១ គ្រែប្រអប់ ចំនួន២ ឯកសារប្លង់ដី ប្លង់ផ្ទះ និងសៀវភៅគ្រួសារ ក្តារបន្ទះ ១គីប  ចានឆ្នាំង និងសម្លៀកបំពាក់មួយចំនួន៕

RELATED ARTICLES