Friday, September 20, 2024
Homeព័ត៌មានជាតិឆេះឡសម្ងួតពោត ខូចខាត ៣ម៉ឺនដុល្លារ

ឆេះឡសម្ងួតពោត ខូចខាត ៣ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ ឡសម្ងួតពោត មួយកន្លែង នៅក្នុងស្រុកភ្នំព្រឹក ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង គិតជាទំហំខូចខាត អស់ទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ឃ្លាំងស្តុកកសិកផល (សៃឡូ) ដែលរងការឆាបឆេះខាងលើ មានយីហោ ធានប៉រ ស្ថិតនៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឃ្លាំងស្តុកកសិផលដ៏ធំមួយនេះ មានបំពាក់ឡសម្ងួតកសិផលយ៉ាងធំ ហើយក៏ត្រូវបានអគ្គិភ័យឆេះឆាបឆេះទាំងព្រឹកតែម្តង។ នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ បានចំណាយទឹក ជាច្រើនរថយន្ត មកពីអធិការដ្ឋានស្រុកភ្នំព្រឹក និងអធិការដ្ឋានស្រុកកំរៀង ទើបអាចបាញ់ពន្លត់ភ្លើងបាន ១០០ភាគរយ ដោយពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។

លោក រស់ ណាង នាយប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តា បានបញ្ជាក់ឱ្យដឹងថា ម្ចាស់សៃឡូខាងលើ បានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើង ទំនងបណ្តាលមកកាកសំណល់នៅក្នុងឡ មិនបានសម្អាត ព្រោះជាធម្មតា ក្រោយពេលបញ្ចេញគ្រាប់កសិផលអស់ពីក្នុងឡហើយ បើមិនបាន សម្អាតកាកសំណល់ពីក្នុងឡទេ វាអាចបង្កជាអគ្គិភ័យ ព្រោះនៅក្នុងឡ នៅមានកម្តៅខ្លាំង យូរៗទៅវានឹងឆេះកាកសំណល់នៅក្នុងឡនោះ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពេលកើតហេតុ ឡសម្ងួតកសិផលខាងលើ បានរងការខូចខាតធ្ងន់ ដែលគិតជាទំហំទឹកប្រាក់ ប្រមាណ ៣ម៉ឺនដុល្លារ៕

RELATED ARTICLES