ភ្នំពេញ៖ស្របពេលដែលតារាហង្សមាសជាច្រើនដួងបានចេញសារអបអរចំពោះម្ចាស់ពានCambodian Idol រដូវកាលទី៤លោកលីម តិចម៉េង ដែលប្រកួតឈ្នះបេក្ខភាព៣រូបផ្សេងទៀតក្នុងវគ្គFinal កាលពីរាត្រីថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ នោះបែជាតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រក្សារភាពស្ងៀមស្ងាត់ទៅវិញ។ការគ្មានចេញសារឬបង្ហាញសកម្មភាពណាមួយទាក់ទងការចាប់អារម្មណ៍ទៅលើម្ចាស់ពានថ្មីដែលនឹងក្លាយទៅជាតារារួមទ្រនុំជាមួយនាងនោះត្រូវបានប្រភពបង្ហើបថានោះមកពីអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះកំពុងតែខកចិត្តដោយសារតែបេក្ខភាពដែលនាងចង់ឲ្យឈ្នះពានមួយនេះគឺជាលោកថុល សុភិទិ ឯណ្ណោះទេ តែលទ្ធផលបុរសលេងម៉ូដសាក់រូបនេះបានរបូតពានធ្លាក់ទៅកណ្ដាប់ដៃលីម តិចម៉េង ទៅវិញ។គេចាំបានថាកាលពីថ្ងៃទី២៤សីហា ពោលគឺមុនការប្រលងចម្រៀងខាងលើឈានដល់វគ្គផ្ដាច់ព្រ័ត្រ៤ថ្ងៃនោះសូលីកា បានចេញសារប្រយោលថាគ្រប់យ៉ាងគឺនាងជាអ្នកខុស…។នាងថែមទាំងថាឲ្យគេដាក់បន្ទុកមកលើរូបនាងទៀតផង ព្រោះគាត់មិនដឹងអីទេ ហើយទោះជាស្រីពេជ្រ មិនសំដៅដល់ឈ្មោះថាបុរសនោះជាអ្នកណាក៍ដោយតែគេដឹងថានោះគឺនាងមានការស្ដាយក្រោយដែលបង្ហាញភាពស្និតស្នេហ៍ជាមួយសុភិទិ ធ្វើឲ្យមនុស្សដែលមិនពេញចិត្តនាងលែងគាំទ្របេក្ខភាពរូបនេះទៀត។ដើម្បីសម្រាលដល់បន្ទុកភិទិ តារាចម្រៀងសូលីកា ថែមទាំងបញ្ជាក់ថានាងគ្រាន់តែជាFan របស់អ្នកចម្រៀងរូបនេះប៉ុណ្ណោះ គ្មានទំនាក់ទំនងអ្វីលើសពីនេះឡើយ។

គូរបញ្ជាក់ថាពេជ្រ សូលីកា បានបង្ហាញភាពស្និតស្នេហ៍ជាមួយលោកថុល សុភិទិ ក្រោយពីកូនមន្ដី្រធំផ្កាយ២រូបនេះច្រៀងCover បទ”មិនអាចឃាត់ទេ”របស់ម្ចាស់ដើមលោកម៉ម ពេជ្ររិទ្ធ ដែលធ្វើឲ្យបទនេះល្បីល្បាញ ហើយភ្លាមៗនោះគេឃើញនាងនិងអ្នកចម្រៀងវ័យ២៥ឆ្នាំរូបនេះកៀកកើយគ្នាដូចគូសង្សាររហូតត្រូវបានសារព័តមានជាច្រើនផ្សាយថាពួកគេមានទំនាក់ទំនងពិសេសជាមួយគ្នាទៀតផង។ប៉ុន្ដែក្រោយមកសូលីកា ហាក់ដឹងខ្លួនមុនថាការបង្ហាញពីទំនាក់ទំនងរវាងនាងនិងសុភិទិ ជាចំហនោះជះឥទ្ធិពលដល់ការប្រលងយកពានរបស់អ្នកចម្រៀងមួយនេះទើបនាងបានប្រកាសទទួលស្គាល់កំហុសឆ្គង និងស្នើសុំឲ្យអ្នកគាំទ្រកុំបំផ្លាញអនាគតរបស់អ្នកចម្រៀងវ័យក្មេងរូបនេះនឹងបន្ដការគាំទ្ររូបគេតទៅទៀត។ប៉ុន្ដែនៅទីបំផុតភិទិ នៅតែមិនអាចកាន់ពានបានដដែលទើបធ្វើឲ្យថៅកែផលិតកម្មZoom Music លោកម៉ៃ សុគន្ធ ចេញសារឌឺដងទាក់ទងរឿងមួយនេះដោយថែមទាំងលើកហេតុផលពីមូលហេតុភិទិ ជ្រុះបាត់ឱកាសលើកពាននេះទៀតផង។

លោកម៉ៃ សុគន្ធ រហ័ស្សនាមកំពូលទើសនោះថ្លែងសារថា”ដំបូងគ្រប់គ្នាប្រាកដជាគិតច្បាស់ណាស់ថាភិទិ ជាតួឯកជាពិសេស ហ្វេន នារីៗ ប៉ុន្តែបន្ទាប់ពីលេចចេញតួឯកស្រីម្នាក់មកបានធ្វើអោយ ហ្វេន ស្រីៗមួយចំនួនធំខកចិត្តយ៉ាងខ្លាំង(សិល្បៈ កំពុងទាញប្រជាប្រិយ មិនគួរភិទិ ឆាប់បង្ហាញតួឯកស្រីពេកសោះ មើលគំរូលោកព្រាប សុវត្ថិ តើគាត់លាក់រឿងនេះយូប៉ុណ្ណាទើបបង្ហាញ) ដែលធ្វើអោយហ្វេនៗបែរមកគាំទ្រនិងបាក់ចិត្តស្រឡាញ់ទៅលើតួរង តិចម៉េង វិញបូករួមទាំងការក្រមិចក្រមើមរបស់គាត់ និង សម្លេងដែលកម្ររកបានរបស់គាត់ធ្វើអោយគាត់ក្លាយទៅជាតួឯកនៅភាគបញ្ចប់នេះទៅវិញ ។ដំបូងតួឯកតែភ្លេចខ្លួនមួយភ្លែត ចុងបញ្ចប់ក្លាយជាតួរង អបអរសាទរ អាយដូលតូច តិចម៉េង”។

យ៉ាងណាមហាជនរងចាំមើលថាតើពេជ្រ សូលីកា-ថុល សុភិទិ នៅតែមានទំនាក់ទំនងស្អិតល្មូតគ្នាតទៅទៀត ឬ ពួកគេចាប់ផ្ដើមរយាលៗពីគ្នាក្រោយភិទិ រលាយអស់ក្ដីសុបិនចង់ឈ្នះពាននេះ?
