Friday, September 20, 2024
Homeព័ត៌មានជាតិដឹកគ្នាដើរលួច ជួបប៉ូលិស ជាប់ខ្នោះ២

ដឹកគ្នាដើរលួច ជួបប៉ូលិស ជាប់ខ្នោះ២

ខេត្តតាកែវ ៖ ជនសង្ស័យ ១ក្រុម មានគ្នា៣នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នា ក្នុងបំណងចេញលួច-ប្លន់ម៉ូតូ ស្រាប់តែមិនទាន់បានធ្វើសកម្មភាពផង ក៏ជួបនឹងកម្លាំងសមត្ថកិច្ចដែលកំពុងចេញល្បាត ឃាត់សាកសួរ ស្រាប់តែជនសង្ស័យម្នាក់ បានជិះម៉ូតូគេចខ្លួនចោលបក្ខពួក ២នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរ។

ករណីឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឌុក សិលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ (មានវិជ្ជមានកូវីដ-១៩) និងទី២-ឈ្មោះរឿន រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់។ ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន មានឈ្មោះជ័យ មរកត ហៅឆេះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញស្រុក ល្បាតក្នុងភូមិសាស្ត្រ លុះដល់នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នៅត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះទុក សិលា ភេទប្រុស អាយុ៣២ឆ្នាំ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ សាកសួរ ស្រាប់តែពេលនោះជនសង្ស័យម្នាក់ឈ្មោ ជ័យ មរកត ហៅឆេះ បានឡើងជិះម៉ូតូរត់គេចខ្លួន ទើបកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យបានតែ២នាក់ ឈ្មោះឌុក សិលា និងឈ្មោះរឿន រ៉ាវី ។

ប្រភពដដែល បន្តថា ក្នុងពេលឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតម៉ូតូ ១គ្រឿង ម៉ាកអ៊ិចស៊ីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ លុះសមត្ថកិច្ចធ្វើការឆែកឆេរក្នុងម៉ូតូ រកឃើញសម្ភារៈ រួមមាន ស្នាប់ដៃ ចំនួន១ ឧបករណ៍សម្រាប់ជក់ថ្នាំញៀន ចំនួន២ សោខ្សៀលេខ៨ ចំនួន១ សោប្រដាប់កាច់សោម៉ូតូ ចំនួន១ ទួរណឺវីស ចំនួន១ និងថ្នាំញៀនពណ៌ផ្កាឈូក ចំនួន៣គ្រាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរឿន រ៉ាវី បានឆ្លើយសារភាពថា កន្លងមក នៅដើមឆ្នាំ២០២២ រូបគេធ្លាប់បានលួចម៉ូតូ ១គ្រឿង ម៉ាក BEAT គ្មានស្លាកលេខ នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ម្តងរួចមកហើយ។ រីឯម៉ូតូម៉ាកអ៊ីស៊ីទ័រ ពណ៌ខ្មៅ ដែលមានសម្ភារៈល្មើស គឺជារបស់ឈ្មោះជ័យ មរកត ហៅឆេះ បានពឹងពួកគេ (ឌុក សិលា និងរឿន រ៉ាវី) ឱ្យជួយយកទៅលក់នៅឃុំល្វា ស្រុកទ្រាំង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ជាមួយនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់ផងដែរ៕

RELATED ARTICLES