Thursday, January 23, 2025
Homeព័ត៌មានជាតិបបួលលែងគ្នា ប្រពន្ធមិនព្រម ប្តីលោតទឹក

បបួលលែងគ្នា ប្រពន្ធមិនព្រម ប្តីលោតទឹក

ខេត្តកណ្តាល ៖ បុរសម្នាក់ គ្រាន់តែខឹងរឿងកូនធ្វើឱ្យខូចទូរស័ព្ទ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់បបួលប្រពន្ធទៅផ្ទះមេភូមិ ដើម្បីលែងលះគ្នាទៀតផង តែប្រពន្ធមិនព្រម ទើបបុរសជាប្តីខឹង ទាញម៉ូតូជិះទៅផឹកស្រាស្រវឹង រួចក៏បន្តដំណើរឡើងទៅលើស្ពានព្រែកតាមាក់ លោតចូលទឹក សម្លាប់ខ្លួន (លិចបាត់ក្នុងទឹក) ដោយបន្សល់ទុកម៉ូតូ និងទូរស័ព្ទនៅលើស្ពាន។

ករណីលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ចំណុចជិតពាក់កណ្តាលស្ពានព្រែកតាមាក់ ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

បុរសដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះសុខ សៀន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចិញ្ចឹមទា មានលំនៅសព្វថ្ងៃ ភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។ រីឯវត្ថុតាងបន្សល់ទុក រួមមាន ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ចំនួន១គ្រឿង។ ទូរស័ព្ទដៃម៉ាក Oppo ចំនួន១គ្រឿង និងស្បែកជើងផ្ទាត់ ពណ៌ខៀវ លេខ១០ ចំនួន១គូ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រែកតាមាក់ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ ថាមានករណីមនុស្សលោតទឹកលើស្ពានព្រែកតាមាក់។

ក្រោយពីទទួលព័ត៌មាន ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ឃើញ មានបន្សល់ទុកសម្ភារៈវត្ថុតាងខាងលើ នៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងសាច់ញាតិ។

រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ទើបដឹងអត្តសញ្ញាណជនរងគ្រោះ ដោយសាច់ញាតិ ប្រពន្ធ និងបងប្អូនជនរងគ្រោះ បានមកទំនាក់ទំនងនៅប៉ុស្តិ៍ និងបានបញ្ជាក់ថា សម្ភារៈ ម៉ូតូ ស្បែកជើង ទូរស័ព្ទ ពិតជារបស់ជនរងគ្រោះប្រាកដមែន។

តាមសម្តីរបស់ស្ត្រីឈ្មោះវ៉ន សុខនៀង ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ប្តីរបស់នាង (ជនរងគ្រោះ) បានឈ្លោះប្រកែកជាមួយនាងជាប្រពន្ធ រឿងកូនធ្វើឱ្យខូចទូរស័ព្ទ។ លុះដោយសារតែឈ្លោះគ្នាខ្លាំង ទើបធ្វើឱ្យប្តីរបស់នាង មួម៉ៅក្តៅចិត្ត រហូតដល់ហៅរូបនាងទៅលែងលះគ្នានៅផ្ទះមេភូមិ តែនាងមិនព្រមទៅ។ ពេលនោះ ប្តីនាងបានជិះម៉ូតូចេញពីផ្ទះ ទៅតែម្នាក់ឯង ដោយពាក់អាវយឺតដៃខ្លី កបើក ពណ៌លឿង ស្លៀកខោក្រណាត់ជើងវែង ពណ៌ខ្មៅ និងបានទៅផឹកស្រា នៅផ្ទះបងថ្លៃ ឈ្មោះពៅ រហូតដល់ម៉ោង ១០និង៣០នាទីយប់ ប្តីនាងបានជិះម៉ូតូចេញមកបាត់តែម្តង ស្រាប់តែក្រោយមក ឮដំណឹងថា ប្តីនាងបានលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

បច្ចុបន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកសពបុរសខាងលើ ដើម្បីយកមកប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកសម្ភារ:របស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនប្រពន្ធជនរងគ្រោះ ឈ្មោះវ៉ន សុខនៀង៕

RELATED ARTICLES