Friday, September 20, 2024
Homeព័ត៌មានជាតិអត់ស្រួលខ្លួន កោសខ្យល់រួច ដេកស្លាប់

អត់ស្រួលខ្លួន កោសខ្យល់រួច ដេកស្លាប់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានអង្គុយហូបតែ ជាមួយមិត្តភក្តិសុខៗ កើតមានអាការមិនសូវស្រួលខ្លួន ទើបពឹងឱ្យស្ត្រីជាអ្នកអនាម័យម្នាក់ ជួយកោសខ្យល់ឱ្យ លុះកោសខ្យល់រួច សម្រាកនៅលើកៅអីពូក ស្រាប់តែក្រោយមក បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាងម៉ាស្សា ក្នុងសណ្ឋាគារមួយកន្លែង យីហោ លីងណាន ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បុរសដែលដេកស្លាប់នៅក្នុងហាងម៉ាស្សានោះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិខ្មែរ។

តាមការបំភ្លឺពីបុគ្គលិកផ្នែកអនាម័យម្នាក់ ឈ្មោះចន្ឋូ ដែលបម្រើការងារនៅក្នុងហាងម៉ាស្សា ទីតាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គាត់ឃើញជនរងគ្រោះអង្គុយហូបតែ ជាមួយមិត្តភក្តិជនជាតិចិនចំនួន២នាក់ទៀត។ រហូតដល់វេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃដដែល ជនរងគ្រោះមានអាការមិនស្រួលខ្លួន ក៏ហៅគាត់ឱ្យជួយកោសខ្យល់ឱ្យ លុះកោសខ្យល់រួច ជនរងគ្រោះបានប្រះខ្លួនសម្រាកនៅលើកៅអីពូកទៅ ស្រាប់តែក្រោយមក ជនរងគ្រោះលែងដឹងខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះមកពិនិត្យ ធ្វើកោសល្យវិច័យសព តែមិនទាន់បានធ្វើការសន្និដ្ឋាននៅឡើយទេ។

សពត្រូវបានដឹកបញ្ជូនយកទៅរក្សាទុកនៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចម្ការចេក) ដើម្បីពិនិត្យបន្ថែម និងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

RELATED ARTICLES