Sunday, November 10, 2024
Homeព័ត៌មានជាតិកូនប្រុសវ៉ៃម៉ែរួច ក្រាបសំពះសុំទោស

កូនប្រុសវ៉ៃម៉ែរួច ក្រាបសំពះសុំទោស

ខេត្តតាកែវ ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយម្តាយបង្កើតរបស់ខ្លួន រហូតដល់ស្រែកជេរម្តាយ ដូចហែកសំពត់ និងថែមទាំងវាយម្តាយទៀតផង ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់នាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាល ស្រាប់តែភ័យខ្លួន ខ្លាចម្តាយប្តឹងចាប់ដាក់គុក ក៏លុតជង្គង់ក្រាបសំពះសុំទោសម្តាយ។

ហេតុការណ៍ហិង្សាក្នុងគ្រួសារ កូនប្រុសបង្កើតវាយម្តាយនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់។

កូនប្រុសកំណាចដែលជេរប្រមាថ និងវាយម្តាយបង្កើតខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះជីប ចិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះគិន គេន អាយុ៤២ឆ្នាំ។ អ្នកទាំងពីរ មានលំនៅក្នុងភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់។

តាមប្រភពព័ត៌មានពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣៤នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលព័ត៌មានពីឈ្មោះគិន គេន ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ដោយប្តឹងរាយការណ៍ពីករណីហិង្សាក្នុងគ្រួសារ (ម្តាយ និងកូនប្រុសបង្កើត) ស្ថិតក្នុងភូមិខាងលើ និងបានសុំអន្តរាគមន៍ពីសមត្ថកិច្ច ១១៧។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកយុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ដើម្បីចុះជួយអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃដដែលេ លោកលៀម សុធា នាយប៉ុស្តិ៍គរបាលរដ្ឋបាលឃុំតាអូរ បានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនបង្កហេតុ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រើអំពើហិង្សាបន្តទៀត។

ក្នុងពេលនោះ យុវជនបង្កហេតុជាកូនប្រុសឈ្មោះជីប ចិន បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានលុតជង្គង់ក្រាបសំពះសុំទោសម្តាយ ឱ្យសន្តោសប្រណី លើកលែងទោសឲ្យខ្លួន ខណៈដែលទឹកចិត្តជាម្តាយ តែងសន្តោសប្រណី មិនប្រកាន់ទោសពៃរ៍អ្វីពីកូនប្រុសឡើយ ពោលគឺម្តាយសម្រេចមិនប្តឹងផ្តល់នោះទេ ហើយក៏បាននាំកូនប្រុសត្រឡប់ទៅផ្ទះវិញទៅ៕

RELATED ARTICLES