Friday, September 20, 2024
Homeព័ត៌មានជាតិប៉ូលិសចុះរំដោះស្រីម្នាក់ គេបង្ខាំងក្នុងក្រុមហ៊ុន

ប៉ូលិសចុះរំដោះស្រីម្នាក់ គេបង្ខាំងក្នុងក្រុមហ៊ុន

ខេត្តព្រះសីហនុ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន មួយកន្លែង ស្ថិតនៅអគារក្រុមហ៊ុនហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយរកឃើញជនជាតិចិនតៃវ៉ាន់ ១នាក់ ត្រូវបានបង្ខាំង ឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការនេះ បានធ្វើឡើង បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេច ស ខេង ថាមានការចាប់បង្ខាំងជនជាតិចិនតៃវ៉ាន់ ១នាក់ ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ។

នារីជនរងគ្រោះដែលត្រូវបានសមត្ថកិច្ចរំដោះចេញ មានឈ្មោះ Keng Ching Ling អាយុ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅបន្ទប់លេខ៣២០ ជាន់ទី៣ និងបន្ទប់ធ្វើការលេខ 3A08 ជាន់ទី៤។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អំឡុងពេលនៅតៃវ៉ាន់ នារីរងគ្រោះត្រូវបានបុរសជនជាតិចិន ឈ្មោះ Wang Yi Wen ទំនាក់ទំនងតាមហ្វេសប៊ុក ឱ្យមកធ្វើការនៅខេត្តព្រះសីហនុ ថាទទួលប្រាក់ខែ ចាប់ពី៥០០០ដុល្លារ ឡើងទៅ។ លុះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នាងបានជិះយន្តហោះ ពីតៃវ៉ាន់ មកចុះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលមកដល់ ក៏មានគេចាំទទួល ដឹកមកធ្វើការក្នុងក្រុមហ៊ុន ហ៊ូក នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយរាល់ការចាយវាយធ្វើដំណើរ និងធ្វើឯកសាផ្សេងៗ ខាងក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់។ អំឡុងខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនបានប្តូរឱ្យទៅធ្វើការនៅក្រុមហ៊ុនហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ធ្វើការរយៈពេល ១៥ម៉ោង ទទួលបាន ៨០០ដុល្លារ ក្នុង១ខែ ដោយបើកបានទៀតទាត់ មិនមានការបង្ខាំងនិងធ្វើទារុណកម្មទេ។

អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នារីរងគ្រោះបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីប្តឹង រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក៏មានសមត្ថកិច្ចចុះមកដល់ទីតាំងក្រុមហ៊ុន សង្គ្រោះនាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

តាមលទ្ធផលសាកសួរ អ្នកគ្រប់គ្រងឈ្មោះរិត សាំង បានឱ្យដឹងថា អំឡុងខែឧសភា ឆ្នាំ២០២២ ខ្លួនបានចូលធ្វើការជាអ្នកគ្រប់គ្រងទូទៅ (តំណាងទីតាំង) ក្នុងក្រុមហ៊ុន ហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ហើយអំឡុងខែឧសភា ឆ្នាំ២០២២ ស្ត្រីខាងលើ បានប្តូរពីក្រុមហ៊ុន ហ៊ូក១ មកធ្វើការផ្នែកបុគ្គលិកកុំព្យូទ័រ នៅក្រុមហ៊ុន ហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ធ្វើការរយៈពេល ១២ម៉ោង ក្នុង១ថ្ងៃ ទទួលបានប្រាក់ខែ ៨០០ដុល្លារ ក្នុង១ខែ បើកបានទៀតទាត់ និងស្នាក់នៅដូចបុគ្គលិកដទៃទៀតដែរ ហើយមិនមានការបង្ខាំងឬធ្វើទារុណកម្មអ្វីឡើយ៕

RELATED ARTICLES