ខេត្តរតនគិរី ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានអះអាងថា កូនស្រីរបស់គាត់ ត្រូវបានប្តីលួងលោមឱ្យលួចយកប្លង់ដីរបស់គាត់ជាឪពុក យកទៅបញ្ចាំ រួចវេចលុយរត់គេចខ្លួនបាត់ អស់រយៈពេល ៣ខែមកហើយ ទោះជារូបគាត់ជាឪពុក ខំតាមស្វែងរកសព្វកន្លែងយ៉ាងណា នៅតែមិនយល់ស្រមោលសោះ ទើបសម្រេចដាក់ពាក្យបណ្តឹង និងប្រកាសជូនសគុណ ចំនួន ២លានរៀល ដល់អ្នកដែលផ្តល់ដំណឹងឈានដល់ការរកឃើញកូនស្រី និងកូនប្រសាជើងល្អរបស់គាត់។
បុរសជាឪពុកដែលប្រកាសតាមរកកូនស្រី និងកូនប្រសានោះ មានឈ្មោះសេវ ហ្លញ់ អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ជាជនជាតិភាគតិច ចារ៉ាយ មានលំនៅ ភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ។ ចំណែកកូនស្រី មានឈ្មោះរម៉ាស់ ពើញ អាយុ២០ឆ្នាំ ជាជនជាតិភាគតិច ចារ៉ាយ មានប្តីឈ្មោះពីង ចាក អាយុ៣៤ឆ្នាំ ជាជនជាតិភាគតិច ចារ៉ាយ មានលំនៅ ភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ។
លោកសេវ ហ្លញ់ បានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះរម៉ាស់ ពើញ ត្រូវបានឈ្មោះពីង ចាក ត្រូវជាប្តី និងត្រូវជាកូនប្រសារបស់គាត់ បានលួងលោមលួចពង្រត់យកទៅបាត់ អស់រយៈពេល ៣ខែកន្លងមកហើយ។
យោងតាមពាក្យបណ្តឹងរបស់លោកសេវ ហ្លញ់ បានរៀបរាប់ថា កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះពីង ចាក ត្រូវជាកូនប្រសា បានមកយកកូនស្រីរបស់គាត់ ឈ្មោះរម៉ាស់ ពើញ ចេញពីផ្ទះបាត់ ដោយថែមទាំងបានយកប្លង់ដីចម្ការរបស់គាត់ ដែលមានទំហំ ១៥០ម៉ែត្រ គុណនឹង ១៩០ម៉ែត្រ ស្មើនឹងប្រមាណ ២៨ ៥០០ម៉ែត្រការ៉េ ស្ថិតនៅដីក្រហម ភូមប៉ាងសេសាន ឃុំសេសាន ស្រុកអូរយ៉ាដាវ ទៅបញ្ចាំធនាគារ ចំនួនទឹកប្រាក់ ៨០លានរៀល ទៀតផង។ រហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ទើបលោកសម្រេច ចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសេសាន តែម្តង។
លោកសេវ ហ្លញ់ បានបញ្ជាក់ទៀតថា ក្រោយពីកូនស្រីរបស់គាត់ បានចាកចេញពីផ្ទះ រយៈពេល ៣ខែកន្លងមកនេះ លោកក៏បានព្យាយាម ទូរស័ព្ទរកកូនស្រីដែរ តែមិនអាចទាក់ទងបាន ធ្វើឱ្យរូបលោកជាឪពុកនិងអ្នកម្តាយ កំពុងមានការបារម្ភយ៉ាងខ្លាំង។
លោកសេវ ហ្លញ់ បានប្រកាសថា ប្រសិនបើមានបងប្អូនណាបានស្គាល់ ឬឃើញភិនភាគដូចរូបថតអ្នកទាំងពីរនេះ សូមបងប្អូនជួយរាយការណ៍ពីទីតាំងស្នាក់នៅរបស់ពួកគេទាំងពីរ លោកនឹងជូនសគុណ ជាទឹកប្រាក់ ចំនួន ២លានរៀល ដោយរាយការណ៍តាមរយៈលេខទូរស័ព្ទ គាត់ជាឪពុក ០៣១ ៦៦ ៦៦ ៧០៤។
ជាមួយនេះ លោកសេវ ហ្លញ់ បានបញ្ជាក់ថា បើសមត្ថកិច្ចជំនាញ បានប្រទះឃើញភិនភាគដូចរូបថតដែលបានផ្សព្វផ្សាយ តាមរយៈសារព័ត៌មាន សូមមេត្តាឃាត់ខ្លូនអ្នកទាំងពីរ ទុកប្រគល់ជូនលោកជាឪពុក លោកនឹងជូនសគុណដល់បងសមត្ថកិច្ច ជាទឹកប្រាក់ ចំនួន៥០០ដុល្លារ៕