Thursday, January 23, 2025
Homeព័ត៌មានជាតិកម្មករ៣នាក់ ខ្សែភ្លើងឆក់ទើរលើបង្គោល

កម្មករ៣នាក់ ខ្សែភ្លើងឆក់ទើរលើបង្គោល

ខេត្តរតនគិរី ៖ កម្មករអគ្គិសនី ចំនួន៣នាក់ បានឡើងបង្គោលភ្លើង ដើម្បីផ្លាស់ប្តូរខ្សែភ្លើង ចេញពីបង្គោលចាស់ មកបង្គោលភ្លើងថ្មី ស្រាប់តែខុសបច្ចេកទេស ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យជាប់ឆ្កឹង ទើរលើបង្គោលភ្លើង ទាំង៣នាក់ សំណាងល្អ ត្រូវបានសង្គ្រោះទាន់ពេល ប៉ុន្តែមានសភាពធ្ងន់ធ្ងរទាំង៣នាក់។

ហេតុការណ៍កម្មករចរន្តអគ្គិសនីឆក់ទើរលើបង្គោលភ្លើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្រុមកម្មកររងគ្រោះទាំង ៣នាក់ រួមមាន ទី១-ឈ្មោះភេត ភុត ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះសាក់ មេឃ ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះភាព សុផង់ ភេទប្រុស អាយុ១៨ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ជនរងគ្រោះទាំង៣នាក់ បច្ចុប្បន្នកំពុងធ្វើការសង្គ្រោះបន្ទាន់ ពីក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរី២នាក់ និងបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ម្នាក់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ មានកម្មករមួយក្រុម បានទៅខួងដីដាំបង្គោលភ្លើងថ្មី បន្ទាប់មក ពួកគេបាននាំគ្នាឡើងទៅដោះខ្សែភ្លើង ចេញពីបង្គោលចាស់ ដើម្បីដាក់ពាក់ទៅលើបង្គោលថ្មី លុះពេលកំពុងធ្វើការនៅលើបង្គោលភ្លើងនោះ ប្រហែលជា ខុសបច្ចេកទេស ឬមានការធ្វេសប្រហែស ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ទាំង៣នាក់ ជាប់ឆ្កឹងទើរលើបង្គោលភ្លើងនោះតែម្តង។

ក្រោយកើតហេតុ កម្លាំងនគបាលមូលដ្ឋាន បានចុះជួយអន្តរាគមន៍ ហើយហៅឡានពេទ្យមកដឹកជនរងគ្រោះទាំងបីនាក់ ទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោកកោះ ប៉ូឡូ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ដែលត្រូវខ្សែភ្លើងឆក់ មានសភាពធ្ងន់ធ្ងរ ហើយកំពុងតែសង្រ្គោះបន្ទាន់ ក្នុងចំណោមជនរងគ្រោះទាំង ៣នាក់ មានម្នាក់ត្រូវបញ្ជូនទៅភ្នំពេញ ព្រោះរងរបួសធ្ងន់លើស្បែក លើដងខ្លួនខ្លោចស្ទើរពេញទាំងអស់។

ដោយឡែក មន្ត្រីអគ្គិសនីខេត្ត បានបញ្ជាក់ថា កម្មកររងគ្រោះទាំង៣នាក់ ដែលត្រូវចរន្តអគ្គិសនីឆក់នោះ មិនមែនជាបុគ្គលិករបស់អង្គភាពអគ្គិសនីឡើយ គឺជាកម្មកររបស់ក្រុមហ៊ុន EBS ដែលដេញថ្លៃបាន ហើយទទួលសាងសង់បង្គោលភ្លើង ក្នុងខេត្តរតនគិរី៕

RELATED ARTICLES