ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានដើរទៅមើលគេភ្ផួរដីស្រែ ទាំងមេឃកំពុងខ្មៅងងឹតរកកល់ភ្លៀង ស្រាប់តែរំពេចនោះ ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅកណ្តាលវាលស្រែ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះធម្មជាតិ រន្ទះបាញ់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចវាលស្រែខាងកើតស្វាយជួរ ស្ថិតនៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះធិញ ធឿត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះរបស់ខ្លួន សំដៅទៅមើលគេភ្ជួរដី នៅចំណុចវាលស្រែ ទីតាំងកើតហេតុ។ លុះទៅដល់ មេឃក៏ចាប់ផ្តើមងងឹត រកកល់ភ្លៀង ស្រាប់តែបន្តិចក្រោយមក មានរន្ទះបានបាញ់ចំជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅកណ្តាលវាលស្រែ នៅចំណុចកើតហេតុខាងលើតែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុខាងលើ រួចសន្ឋិដ្ឋានថា ជនរងគ្រោះ ឈ្មោះ ធិញ ធឿត ពិតជាត្រូវរន្ទះបាញ់ស្លាប់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕