Friday, September 20, 2024
Homeព័ត៌មានជាតិប្តីលួចលុយទៅចិញ្ចឹមប្រពន្ធដើម ប្រពន្ធចុងខូចចិត្ត ផឹកស្រាដល់ស្លាប់

ប្តីលួចលុយទៅចិញ្ចឹមប្រពន្ធដើម ប្រពន្ធចុងខូចចិត្ត ផឹកស្រាដល់ស្លាប់

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ជាអាណិកជនខ្មែរម្នាក់ ក្រោយពេលវិលមករស់នៅស្រុកកំណើតវិញ ក៏បានស្គាល់បុរសម្នាក់ ដែលមានប្រពន្ធរួចទៅហើយ រហូតឈានបង្កើតជាទំនាក់ទំនងស្នេហា ក្លាយជាប្រពន្ធចុងលួចលាក់ និងត្រូវបុរសជាប្តី ចេះតេលួចលុយកាក់យកទៅផ្គត់ផ្គង់ប្រពន្ធដើម មិនឈប់ លុះក្រោយមក លែងសូវរវីរវល់យកចិត្តទុកដាក់ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធចុង ខូចចិត្ត ផឹកស្រាស្រវឹងរាល់ថ្ងៃ ចុងក្រោយត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះជួល តែម្នាក់ឯង យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចបរិវេណផ្ទះជួល លេខ ៣៣ ក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងផ្ទះជួលនោះ មានឈ្មោះចេង ចន្នី អាយុ៥២ឆ្នាំ ជាអាណិកជនខ្មែរ តែបានមករស់នៅប្រទេសកំណើតក្នុងក្រុងបាត់ដំបង វិញយូរឆ្នាំមកហើយ ដោយបានជួលផ្ទះស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា តាំងពីវិលត្រឡប់មករស់នៅស្រុកកំណើតវិញ ស្ត្រីរងគ្រោះ បានទាក់ទងស្នេហាជាមួយបុរសម្នាក់ (មិនស្គាល់ឈ្មោះ) ដែលមានប្រពន្ធកូនរួចហើយ ប៉ុន្តែចេះតែបន្តរួមរស់មានឈ្មោះជាប្រពន្ធចុងលួចលាក់របស់បុរសរូបនោះ រហូតមក។

ប្រភពដដែល បានបន្តថា លុះមកដល់រយៈពេលចុងក្រោយនេះ ប្តីរបស់គាត់ មិនសូវយកចិត្តទុកដាក់មកជួបគាត់ឡើយ ថែមទាំងលួចលាក់លុយមួយចំនួន យកទៅផ្គត់ផ្គង់ឱ្យប្រពន្ធដើមជាបន្តបន្ទាប់ទៀតផង ជាហេតុធ្វើឱ្យស្រីរងគ្រោះបានដឹង មានអារម្មណ៍ខូចចិត្ត ផឹកតែស្រា ជាប្រចាំ ដោយលែងខ្វល់ខ្វាយពីសុខភាពរបស់ខ្លួន រហូតដល់ចុងក្រោយ កើតមានរឿងហេតុអកុសលបែបនេះតែម្តង ដោយដេកស្លាប់ក្នុងផ្ទះជួល ដោយគ្មានអ្នកណាម្នាក់បានដឹងសោះឡើយ។

ក្រោយបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញ សហការជាមួយក្រុមពេទ្យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លាប់ ដោយសារគាំងបេះដូង ពោលគឺមិនមែនជាករណីឃាតកម្មឡើយ។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES