Friday, September 20, 2024
Homeព័ត៌មានជាតិប្តីសំពងក្បាលប្រពន្ធ ១ត្បូងចប ខឹងជេររឿងដើរផឹក

ប្តីសំពងក្បាលប្រពន្ធ ១ត្បូងចប ខឹងជេររឿងដើរផឹក

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោក លុះចូលដល់ផ្ទះ ត្រូវប្រពន្ធជេរស្តីរឿងដើរផឹកស្រា មិនជួយធ្វើការងាររកស៊ីចិញ្ចឹមកូនចៅ ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅទាញចបកាប់ មកសំពងប្រពន្ធ ១ត្បូងចប ចំក្បាល បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ចំណែកបុរសជាប្តីកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្តីវាយសម្លាប់ប្រពន្ធនឹងត្បូងចបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ។

ជនសង្ស័យជាឃាតករដែលវាយសម្លាប់ប្រពន្ធខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខាន់ ចាន់ថេត អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រះសីហនុ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកែវ សុខហឿន អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធទាំងពីរខាងលើ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាខ្លាំងណាស់ ដោយសារតែបុរសជាប្តី ជាមនុស្សចូលចិត្តផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ និងមិនសូវជួយធ្វើការងារផ្ទះ ឬរកស៊ីអ្វីនោះឡើយ យ៉ាងណាជម្លោះប្តីប្រពន្ធទាំងពីរ មិនធ្លាប់ឈានដល់បញ្ហាអ្វីធ្ងន់ធ្ងរឡើយ។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បុរសជាប្តី បានចេញពីផ្ទះ ដើរទៅផឹកស៊ី តាំងពីថ្ងៃរសៀល រហូតដល់យប់ ទើបលេចមុខត្រឡប់មកដល់ផ្ទះវិញ។ លុះពេលមកដល់ ដោយសារតែទ្រាំនឹងទង្វើរបស់បុរសជាប្តីមិនបាន ទើបស្ត្រីរងគ្រោះជា ប្រពន្ធ បានស្តីបន្ទោស រហូតកើតជាជម្លោះពាក្យសម្តីនឹងគ្នាសាជាថ្មី ស្រាប់តែរំពេចនោះ បុរសជាប្តី បានស្ទុះទៅទាញចបកាប់ មកវាយសំពងប្រពន្ធ ១ត្បូងចប ចំក្បាល បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធនឹងត្បូងចប បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹង រួចខឹងនឹងប្រពន្ធជេរស្តីរឿងដើរផឹកស៊ី មិនរកការងារធ្វើ ដើម្បីចញ្ចឹមកូនចៅ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES