ភ្នំពេញ ៖ រថភ្លើងដឹកទំនិញ មួយខ្សែ ខណៈដែលកំពុងបើកបរ ស្រាប់តែស្រុតកំណល់ ផុងផ្លូវដែក បណ្តាលឱ្យក្រឡាប់ធ្លាក់ស៊ីទែន ប្រេងចំនួន ២ទូ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវដែក ភ្នំពេញ-កំពត ចំណុចខាងកើតវត្តត្រពាំងឈូក ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ខ្សែរថភ្លើងខាងលើ ជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ជាខ្សែដឹកទំនិញ អូសទូស៊ីទែនប្រេង និងទូកុងតឺន័រ បាត់ដំបង-ភ្នំពេញ សរុបមានចំនួន ៣១ទូ ក្នុងនោះទូស៊ីទែនប្រេងសាំង មានចំនួន១៩ទូ ទូកុងតឺន័រ មានចំនួន ១០ទូ ទូសម្រាប់បុគ្គលិក ចំនួន១ទូ និងទូបម្រុង ចំនួន១ទូ ក្បាលអូសប្រភេ TVB ។
តាមប្រភពពីបុគ្គលិក បានឱ្យដឹងថា រថភ្លើងដឹកប្រេង និងទំនិញ មួយខ្សែនេះ បើកចាកចេញពីខេត្តបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ធ្វើដំណើពេញមួយយប់។ លុះនៅវេលាម៉ោងកើតហេតុ បើកចូលដល់រាជធានីភ្នំពេញ ត្រង់ចំណុចខាងលើ ហើយរថភ្លើងឆ្លងពីផ្លូវខ្សែបាត់ដំបង ចូលផ្លូវកំពត ដោយក្បាលរុញទូ រុញពីកើត ទៅលិច ឆ្ពោះទៅស្ថានីយស្តុកប្រេង នៅក្នុងភូមិតាឥន្ទ សង្កាត់ស្នោ ខណ្ឌកំបូល ដោយបើកទើបផុតពីក្បាលងាកចែកផ្លូវដែកបន្តិច ស្រាប់តែស្រុតកំណល់ ផុតផ្លូវដែក បណ្តាលក្រឡាប់ទូប្រេង ចំនួន២ទូ ជាទូទី៧ និងទូទី៨ បះជើងច្រងាងតែម្តង តែសំណាងល្អ មិនកំពប់ប្រេងនោះទេ។
ក្រោយកើតហេតុ បុគ្គលិកជំនាញបច្ចេកទេស របស់ក្រុមហ៊ុន បានចុះទៅពិនិត្យ ហើយកាត់ទូមួយចំនួន អូសយកទៅស្ថានីយ។ ចំណែកទូកំពុងជួបបញ្ហា ត្រូវបានខាងបច្ចេកទេស ធ្វើការជួសជុលផ្លូវដែក និងស្ទូចលើកទូឡើងវិញ។
ហេតុការណ៍នេះ មិនបង្កឱ្យអ្នកណារងរបួសទេ គ្រាន់តែខូចខាតទូរថភ្លើង និងរាំងស្ទះខ្សែរត់ របស់អ្នកដំណើរ ភ្នំពេញ-កំពត តែប៉ុណ្ណោះ៕