Friday, September 20, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះស្ត្រីម្នាក់ ជួញថ្នាំញៀន ១៥០គ្រាប់

វ៉ៃខ្នោះស្ត្រីម្នាក់ ជួញថ្នាំញៀន ១៥០គ្រាប់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកសំពៅលូនត្រូវបានកម្លាំងនគរបាលស្រុក ធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួន រួមជាមួយវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទ (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញ៉ាន សុឃួន ហៅង៉ិ អាយុ៤៧ឆ្នាំ មានលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូនបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ហើយបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ។

វត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY)  ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម និងទូរស័ព្ទដៃ ចំនួន១គ្រឿង (ស៊េរីចាស់)។

បច្ចុប្បន្ន ស្ត្រីសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុក រៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES