Friday, September 20, 2024
Homeព័ត៌មានជាតិសន្តិសុខធនាគារ បាញ់គ្នាបាក់ជើង

សន្តិសុខធនាគារ បាញ់គ្នាបាក់ជើង

ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជន ចំនួន២នាក់ (មកពីក្រុមហ៊ុនផ្សេងគ្នា) ប៉ុន្តែយាមប្រចាំការនៅធនាគារតែមួយ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាង ដកកាំភ្លើងខ្លី ១ដើម បាញ់ប្រហារទៅលើគូទំនាស់ បណ្តាលឱ្យរងរបួសភ្លៅ យ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍សន្តិសុខធនាគារបាញ់ប្រហារគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងបរិវេណធនាគារ CIMB Bank ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះលន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកងយោធពលខេមរភូមិន្ទ និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមប្រចាំការនៅគោលដៅធនាគារ CIMB ទីតាំងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខក្រុម IG security យាមប្រចាំការនៅគោលដៅធនាគារ CIMB ទីតាំងកើតហេតុខាងលើជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រវាងជនសង្ស័យជាខ្មាន់កាំភ្លើង និងជនរងគ្រោះ សុទ្ធតែជាសន្តិសុខយាមនៅធនាគារខាងលើដូចគ្នា ដោយគ្រាន់តែអ្នកទាំងពីរ មកពីក្រុមហ៊ុនសន្តិសុខឯកជនផ្សេងគ្នា ក្នុងនោះ ជនរងគ្រោះ មានតួនាទីយាម និងមើលការខុសត្រូវម៉ូតូ នៅខាងក្រៅ ចំណែកជនជាខ្មាន់កាំភ្លើង យាមប្រចាំការនៅខាងក្នុង និងតែងស្លៀកឯកសណ្ឋានជាអង្គរក្ស។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យជាខ្មាន់កាំភ្លើង ស្លៀកពាក់ជាអង្គរក្ស កំពុងយាមប្រចាំការនៅខាងក្នុងធនាគារ ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះ បានដើរចូលទៅខាងក្នុងធនាគារ ដោយពាក់មួក ហើយត្រូវជនជាខ្មាន់កាំភ្លើង ដែលយាមនៅខាងក្នុង ប្រាប់ឱ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនស្តាប់ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីខ្មាន់កាំភ្លើង ទប់កំហឹងមិនជាប់ ក៏ដកកាំភ្លើងខ្លី ប្រភេទ K54 បាញ់ប្រហារទៅលើជនរងគ្រោះ ១គ្រាប់  បណ្តាលឱ្យរងរបួសភ្លៅខាងស្តាំ យ៉ាងធ្ងន់ និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងធនាគារតែម្តង។ ចំណែកខ្មាន់កាំភ្លើង ក្រោយពីបង្កហេតុរួច បានជិះម៉ូតូ ១គ្រឿង រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង យីហោ មន្ទីរពហុព្យាបាលអង់តែនទួលគោក ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ មានទាំងកម្លាំងអាវុធហត្ថផងនោះ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការសាកសួរព័ត៌មានពីប្រភពនិងសាក្សីនានា ព្រមទាំងឆែកពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពផងដែរ ដើម្បីកំណត់មុខសញ្ញា និងអត្តសញ្ញាណខ្មាន់កាំភ្លើង ដើម្បីតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES