Friday, September 20, 2024
Homeព័ត៌មានជាតិអន្តរាគមន៍ករណីបង្ខាំងមនុស្ស រំដោះមនុស្ស៣នាក់

អន្តរាគមន៍ករណីបង្ខាំងមនុស្ស រំដោះមនុស្ស៣នាក់

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យតាមណ្តឹងចំនួន២ករណី  ដែលអះអាងថា មានការបង្ខាំងមនុស្ស និងជួញដូរពលកម្ម នៅខេត្តព្រះសីហនុ ដោយក្នុងនោះរកឃើញជនបរទេស៣នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា ការចុះស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងតាមទំព័រទំព័រហ្វេសប៊ុក សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដោយអះអាងថា ត្រូវបានក្រុមហ៊ុនចាប់បង្ខាំង ដើម្បីឱ្យនៅបម្រើការងារនៅខេត្តព្រះសីហនុ។

ករណីទី១ បានប្រតិបត្តិការ កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ដោយសមត្ថកិច្ចបានចុះមកដល់ទីតាំងក្រុមហ៊ុន ខៃ ប៉ (ឆាយណាថោន) ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយមានការសហការពីម្ចាស់ទីតាំង សមត្ថកិច្ចបានរកឃើញបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ឈ្មោះ LEE CHIEN HUI អាយុ៣៤ឆ្នាំ។

ក្នុងការសាកសួរ ឈ្មោះ LEE CHIEN HUI បានឱ្យដឹងថា គាត់បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ តាមជើងយន្តហោះ ចុះនៅព្រលានអន្តរជាតិភ្នំពេញ ហើយក្រុមហ៊ុន បានដឹកមកធ្វើការនៅក្រុមហ៊ុនជីនស៊ួយ ផ្នែកទំនាក់ទំនងភ្ញៀវ និងរកបុគ្គិល។ គាត់ទទួលបានប្រាក់ខែ ១៥០០ដុល្លារ ក្នុង១ខែ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដដែលបានដូរទីតាំងមកជួលអគារ G2 ក្នុងក្រុមហ៊ុន ខៃប៉ ធ្វើការវិញ។ នៅកន្លែងធ្វើការក្នុងក្រុមហ៊ុន ពុំមានអ្នកណាបង្ខាំង ឬធ្វើទារុណកម្មអ្វីមកលើរូបកាយគាត់ទេ គ្រាន់តែបិទសិទ្ធិ មិនឱ្យចេញក្រៅបរិវេណអគារ ក៏ប៉ុន្តែក្រុមហ៊ុនបានអនុញ្ញាតឱ្យដើរសេរីក្នុងបរិវេណក្រុមហ៊ុន។

តាមការបញ្ជាក់ពី ឈ្មោះ LEE CHIEN HUI ខាងលើថា គាត់ពុំបានប្តឹងសមត្ថកិច្ចទេ ហើយក៏ពុំបានដឹងថា អ្នកណាជាអ្នកប្តឹងដែរ ដោយគាត់ធ្វើការក្នុងក្រុមហ៊ុននេះស្រួល មិនមានបញ្ហាអ្វីសម្រាប់គាត់ទេ និងទទួលបានប្រាក់ខែខ្ពស់ទៀត។ គាត់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។

ដោយឡែកករណីទី២ គឺសមត្ថកិច្ចបានចុះពិនិត្យនៅក្រុមហ៊ុន ស៊ីនហ័រខឹ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ រកឃើញជនជាតិចិន ២នាក់ ហើយពុំឃើញមានសម្ភារណាមួយពាក់ព័ន្ធបទល្មើសបង្ខាំងនិងទារុណកម្មឡើយ និងហៅអ្នកគ្រប់គ្រងមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

តាមលទ្ធផលនៃការសាកសួរ ឈ្មោះ LI CHUNXIA ភេទស្រី និងឈ្មោះ ZHANG YUNKAI ភេទប្រុស បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ពួកគាត់ជិះយន្តហោះពីខេត្តគ័ងចូវ ប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយបានចូលធ្វើការងារនៅក្រុមហ៊ុនមួយកន្លែង មិនចាំ នៅខេត្តកំពត។

បន្ទាប់មក ក្រុមហ៊ុនបានផ្លាស់ប្តូរឱ្យពួកគាត់ធ្វើការជាច្រើនកន្លែង រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានប្តូរពួកគាត់មកក្រុមហ៊ុន ស៊ីហ័រខឹ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ជាបុគ្គលិកកុំព្យូរទ័រ ធ្វើការរយៈពេល ១៣ម៉ោង ក្នុងមួយថ្ងៃ ទទួលប្រាក់ចំនួន ១៣០០ដុល្លារ បើកទៀងទាត់ មិនការបង្ខាំងនិងធ្វើទារុណកម្មឡើយ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយទ្រាំធ្វើការងារច្រើនម៉ោងមិនបាន និងចង់ត្រឡប់ទៅស្រុកកំណើតវិញ ពួកគាត់បានទាក់ទងសមាគមចិន ហើយគេឱ្យពួកគាត់ទាក់ទងបន្តទៅតេឡេក្រាម លេខ ៖ ០១១ ៥៤៦៦៧៧ ជនជាតិខ្មែរ ចេះភាសាចិន ដើម្បីប្តឹង។ លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ មានសមត្ថកិច្ចមកដល់ ជួយពួកគាត់តែម្តង៕

RELATED ARTICLES