Friday, September 20, 2024
Homeព័ត៌មានជាតិស៊ីដាច់លុយក្រុមហ៊ុនជិត ២ម៉ឺនដុល្លារ ជាប់ខ្នោះ

ស៊ីដាច់លុយក្រុមហ៊ុនជិត ២ម៉ឺនដុល្លារ ជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ជាបុគ្គលិកផ្នែកលក់ស្រាបៀរកម្ពុជា ប្រចាំស្រុកចុងកាល់ បានដើរប្រមូលប្រាក់ពីអតិថិជន រួមទាំងក្រវិលកំប៉ុងត្រូវរង្វាន់ សរុបជិត ២ម៉ឺនដុល្លារ រួចយកទៅចាយវាយអស់ ទីបំផុតត្រូវក្រុមហ៊ុនដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃិន សុចាន់មករា ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកស្រាបៀរកម្ពុជា មានតួនាទីផ្នែកលក់ ប្រចាំនៅស្រុកចុងកាល់ មានលំនៅភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង។ ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះភិន សុវ័ន ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង  ដែលបានប្តឹងចោទទៅលើជនសង្ស័យថា បានដើរប្រមូលប្រាក់ពីអតិថិជនរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា បានចំនួន ៧៥០០ដុល្លារ  និងប្រមូលយកក្រវិលកំប៉ុងស្រាបៀរដែលមានរង្វាន់ សរុបជាទឹកប្រាក់ ជាង ១ម៉ឺនដុល្លារទៀត។

តាមការរៀបរាប់ពីម្ចាស់បណ្តឹង បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ម្ចាស់ដេប៉ូនៅស្រុកចុងកាល់ ឈ្មោះចែនី បានឆាតមកប្រាប់ឈ្មោះភិន សុវៀត ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅថា ខ្លួនបានសងលុយចំនួន ៤ពាន់ដុល្លារ ឱ្យទៅឈ្មោះឃិន សុចាន់មករា ដែលជាបុគ្គលិកស្រាបៀរកម្ពុជា មានតួនាទីផ្នែកលក់ ប្រចាំនៅស្រុកចុងកាល់ ដើម្បីយកទៅប្រគល់ឱ្យក្រុមហ៊ុន រួចហើយ ប៉ុន្តែជាក់ស្តែង ឈ្មោះឃិន សុចាន់មករា មិនបានយកលុយប្រគល់ឱ្យក្រុមហ៊ុនទេ។

លុះក្រោយមកទៀត នៅក្នុងខែសីហា ឆ្នាំ២០២២ ដដែលនោះ ឈ្មោះឃិន សុចាន់មករា បានទៅប្រមូលប្រាក់ពីអតិថិជនម្នាក់ទៀត ឈ្មោះគ្រូគីម នៅឃុំជើងទៀន ចំនួន៣៥០០ដុល្លារទៀត លុះពេលប្រមូលប្រាក់បានហើយ ឈ្មោះឃិន សុចាន់មករា មិនបានយកទៅប្រគល់ឱ្យ ក្រុមហ៊ុននោះទេ ដោយបានយកទៅចាយវាយផ្ទាល់ខ្លួនអស់។

ដោយឡែក នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរប្រមូលលុយតាមស្តង់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា និងក្រវិលដែលមានរង្វាន់ រួចយកទៅចាយវាយផ្ទាល់ខ្លួន ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ប៊ុនថេត

RELATED ARTICLES