Friday, September 20, 2024
Homeព័ត៌មានជាតិប្អូនស្រីពោះធំ ប្រុសចាប់រំលោភ ប្រពន្ធជួយចិញ្ចឹម ប្តីខឹង ប្តឹងសុំលែង

ប្អូនស្រីពោះធំ ប្រុសចាប់រំលោភ ប្រពន្ធជួយចិញ្ចឹម ប្តីខឹង ប្តឹងសុំលែង

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ព្រោះតែអាណិតអាសូរប្អូនស្រីជីដូនមួយរបស់ខ្លួនម្នាក់ ដែលជាមនុស្សពិការ និងថែម ទាំងរងគ្រោះ ត្រូវបានជនល្មោភកាមចាប់រំលោភ រហូតដល់មានផ្ទៃពោះផង ក៏នាំយកមករស់នៅជាមួយ ជួយមើលថែ ចិញ្ចឹម ស្រាប់តែបុរសជាប្តី ខឹងសម្បា រហូត ដល់ប្តឹងសុំលែងលះ រួចចុះចោលបាត់ ទុកឱ្យបងប្អូនស្រីទាំង២នាក់ រស់នៅ លំបាកវេទនា គ្មានទីពឹង។

បងប្អូនស្រីអភ័ព្វទាំង២នាក់ សព្វថ្ងៃស្នាក់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

នារីពិការដែលត្រូវប្រុសចាប់រំលោភរហូតដល់មានផ្ទៃពោះនោះ ទើបនឹងអាយុ១៦ឆ្នាំ កំពុងមានផ្ទៃជិតគ្រប់ខែទៅហើយ ស្នាក់នៅក្នុងបន្ទុកបងស្រីជីដូនមួយ ឈ្មោះថ្លៃ សុជា អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយ (ប្តីលែងជាងកន្លះខែមកហើយ) មានកូនចំនួន៤នាក់ ក្នុងបន្ទុក (ប្រុស២ ស្រី២) និងប្រកបរបរដើរលាងចានតាមហាងគុយទាវ នៅក្នុងមូលដ្ឋានខាងលើ។

តាមសម្តីស្ត្រីឈ្មោះថ្លៃ សុជា បានរៀបរាប់ប្រាប់ថា មុនប្អូនស្រីមានផ្ទៃពោះ គឺនាងមានគ្រួសាររស់នៅភូមិត្រពាំងភ្លុក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប៉ុន្តែដោយអាណិតប្អូនស្រីពិការ កាយសម្បទាមិនគ្រប់គ្រាន់ សូម្បីនិយាយក៏មិនច្បាស់ ដៃក្ងិងក្ងង់ តាំងពីកំណើត ក៏បានទទួលយកមករស់នៅជាមួយ ស្រាប់តែប្តីរបស់នាងខឹងសម្បារឿងយកប្អូនស្រីមានផ្ទៃពោះ មកចិញ្ចឹម រហូតដល់សុំលែងលះគ្នានៅត្រឹមភូមិ-ឃុំ រយៈពេលជាងកន្លះខែមុន។

ស្ត្រីអភ័ព្វខាងលើ បានបញ្ជាក់ថា ក្រោយពេលប្តីសុំលែង គឺនាងគ្មានផ្ទះសំបែងរស់នៅទេ ទើបបានកូនមេភូមិពង្រ ដែលមានផ្ទះចាក់សោចោល ទៅរកស៊ីបាត់ បានអនុញ្ញាតឱ្យពួកនាងមកស្នាក់នៅតាមសំយាបក្រោមផ្ទះ ២នាក់បងប្អូន រួមជាមួយនិងកូនប្រុសស្រី ៤នាក់ ប៉ុន្តែជីវភាពជួបការខ្វះខាតខ្លាំងណាស់ ព្រោះបន្ទុកគ្រួសារ ត្រូវធ្លាក់មកលើរូបនាងតែម្នាក់ ជាអ្នករ៉ាប់រង ខណៈដែលនាងមានរបរដើរលាងចាន តាមហាងគុយទាវ នៅក្នុងមូលដ្ឋាន គ្រាន់បានប្រាក់បន្តិចបន្តួច យកទៅទិញអង្ករនិងម្ហូប សម្រាប់ដោះស្រាយជីវភាពគ្រួសារ បានត្រឹមមួយពេលៗប៉ុណ្ណោះ។

ស្ត្រីអភ័ព្វ បានឱ្យដឹងថា តាមពិតនាងធ្លាប់មានប្តីមុន និងមានកូន ៣នាក់ (ប្រុស២ ស្រី១) ដែលរស់នៅផ្ទះខាងប្តី ក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយបានលែងលះគ្នា រយៈពេល ១៤ឆ្នាំមកហើយ ទើបនាងបានប្តីម្នាក់ទៀត ទៅនៅខាងប្តី ក្នុងភូមិត្រពាំងភ្លក់ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រស់នៅបានរយៈពេល ៤ឆ្នាំ មានកូនស្រី ១នាក់។ ប៉ុន្តែដោយក្តីអាណិតប្អូនស្រីជីដូនមួយពិការ ណាមួយត្រូវប្រុសចាប់រំលោភ មានផ្ទៃពោះផង នាងក៏បានយកទៅរស់នៅជាមួយ ជាហេតុធ្វើឱ្យប្តីខឹង រករឿងសុំលែងលះ ទើបនាងគ្មានផ្ទះសំបែងរស់នៅ ដោយប្អូនស្រីមានផ្ទៃពោះផង និងត្រូវចិញ្ចឹមកូន ៤នាក់ផង ទើបធ្វើឱ្យជីវភាពខ្វះខាតយ៉ាងខ្លាំងបែបនេះ។

ក្រោយទទួលព័ត៌មានខាងលើ  លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បាននាំមន្ត្រីក្រោមឱវាទ ចុះទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ រួមនិងថវិកាមួយចំនួនផង ទៅជួយដល់គ្រួសារស្ត្រីអភ័ព្វទាំង២នាក់ខាងលើ។ ដោយឡែក ស្ត្រីពិការដែលត្រូវប្រុសចាប់រំលោភ រហូតដល់មានផ្ទៃពោះជិតគ្រប់ខែ លោកអភិបាលក្រុងសិរីសោភ័ណ នឹងជួយឧបត្ថម្ភរហូតឆ្លងទន្លេរួចរាល់៕

RELATED ARTICLES