ភ្នំពេញ ៖ ត្រឹមតែរយៈពេល ១យប់ប៉ុណ្ណោះ ម៉ូតូចំនួន ៦គ្រឿង ត្រូវបានចោរកាត់សោចូលលួចយកចេញពីកន្លែងផ្ញើ ទៅបាត់អស់ ដោយអ្នកទទួលបញ្ញើ មិនបានដឹងទាល់តែសោះ រហូតដល់ព្រឹកឡើង ម្ចាស់ម៉ូតូភ្ញាក់ពីដេក នាំគ្នាទៅយកម៉ូតូ ដើម្បីជិះទៅធ្វើការ រកស៊ីរៀងខ្លួន តែរកម៉ូតូមិនឃើញ ទើបដឹងថា បាត់ម៉ូតូអស់ដល់ទៅ ៦គ្រឿង។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត ៧ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទីតាំងផ្ញើម៉ូតូ ១កន្លែង ស្ថិតនៅផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ូតូទាំង ៦គ្រឿង ដែលចោរលួចទៅបាត់នោះ ត្រូវបានម្ចាស់ទុកផ្ញើនៅកន្លែងខាងលើ ដោយមានអ្នកមើលនិងមានកិបសំបុត្រផ្ញើត្រឹមត្រូវ។ បន្ទាប់មក ម្ចាស់ម៉ូតូទាំងនោះ ក៏បានចូលទៅដេក។ រហូតដល់ភ្លឺ បន្ទាប់ពីក្រោកពីដេក រៀបចំខ្លួនរួចរាល់ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបបាននាំគ្នាទៅយកម៉ូតូ ដើម្បីជិះទៅធ្វើការ និងរកស៊ីរៀងៗខ្លួន ស្រាប់តែបាត់ម៉ូតូអស់ ដោយអ្នកទទួលផ្ញើ ក៏មិនបានដឹងថា មានចោរចូលលួចម៉ូតូ ដល់ទៅ ៦គ្រឿង និងសុទ្ធតែជាប្រភេទម៉ូតូហុងដា ឌ្រីម សេ១២៥ តាំងពីថ្មើរណាមកដែរ។
ក្រោយកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីស្រាវជ្រាវរកចាប់ក្រុមចោរ៕