Friday, September 20, 2024
Homeព័ត៌មានជាតិក្មេងលេងបិទពួន ដួលជង់ដែក ធ្លុះបេះដូង

ក្មេងលេងបិទពួន ដួលជង់ដែក ធ្លុះបេះដូង

ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់ បានរត់លេងបិទពួនជាមួយនឹងមិត្តភក្តិ ស្រាប់តែខ្វះការប្រុងប្រយ័ត្ន ក៏រអិលជើងដួលជង់ ជាមួយនឹងចម្រឹងដែក បណ្តាលឱ្យមុតចំដើមទ្រូង និងធ្លុះចូលដល់បេះដូង បណ្តាលឱ្យហូរឈាមយ៉ាងច្រើន រងរបួសយ៉ាង ធ្ងន់បំផុត ប៉ុន្តែសំណាងល្អ ត្រូវបាន ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិតទាន់ពេល។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយផ្ទះរបស់ ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្មេងប្រុសរងគ្រោះ មានអាយុ១៣ឆ្នាំ មានលំនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កុមារអាយុ១៣ឆ្នាំ មកពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរត់លេងបិទពួនជាមួយមិត្តភក្តិ លើរបង ដែលមានសល់ចម្រឹងដែកសសរ ហើយបានរអិលជើងដួលលើចម្រឹងដែកនោះ បណ្តាលឱ្យបុកធ្លាយដល់បេះដូង ហូរឈាមយ៉ាងច្រើន កាលពីថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២។ ក្មេងប្រុស ត្រូវបានវះកាត់ជួយសង្រោះបន្ទាន់ ដោយក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដោយជោគជ័យ។

សូមអរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យឯកទេសបេះដូង នៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ សូមអរគុណចំពោះការគាំទ្រ និងបរិច្ចាគសប្បុរសទាំងអស់ ដែលភាគច្រើនជាប្រជាជនស្វីស និងប្រជាជនកម្ពុជា។ សូមអរគុណដល់មូលនិធិគន្ធបុប្ផា Dr.med.Beat Richner ប្រទេសស្វីស តាំងពីឆ្នាំ១៩៩២ និងមូលនិធិគន្ធបុប្ផាកម្ពុជា…។ ដោយឡែក លោកសម ណាក់ ត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុសរងគ្រោះខាងលើ បានឱ្យដឹងថា “រូបខ្ញុំជាឪពុកម្តាយក្មេងនេះ សូមអរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានជួយសង្គ្រោះអាយុជីវិតកូនខ្ញុំ ដោយមិនគិតពីការនឿយហត់ គ្រាន់តែមកដល់ភ្លាម គាត់ទទួលភ្លាម មិនមានការរើសអើងទេ ហើយមិនអស់លុយកាក់អីទាំងអស់។ ជាថ្មីម្តងទៀត ខ្ញុំមានតែម្រាមដៃ១០ ជូនពរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមគ្រួសាររបស់គាត់ មានសុខភាពល្អ…”៕

RELATED ARTICLES