Saturday, September 21, 2024
Homeព័ត៌មានជាតិបង្ក្រាបសំបុកជួញថ្នាំញៀន

បង្ក្រាបសំបុកជួញថ្នាំញៀន

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចផ្នែក ជំនាញគ្រឿងញៀនស្រុកកោះញែក កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់ ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ (ស្រី២) ព្រមទាំងដកហូតបានថ្នាំញៀន ប្រមាណជាង១គីឡូក្រាម ទៀតផង។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើង ដោយកម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការ ដ្ឋានគរបាលស្រុកកោះញែក សហការជាមួយកម្លាំងការិល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពីលោកជំទប់ ទី១ ឃុំស្រែសង្គម ស្រុកកោះញែក ព្រមទាំងមានការសម្របសម្រួល ពីលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី។

 ក្រោយបានធ្វើការតាមដាន និងស្វែងរកមុខសញ្ញារួចមក កម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ (ស្ត្រី២) ដែលក្នុងនោះ រួមមាន ទី១-ឈ្មោះហួត។ផាន់នី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក (ជួញដូរ)។ ទី២-ឈ្មោះសូរ វ៉ាន់នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ រស់ភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក (ប្រើប្រាស់)។ ទី៣-ឈ្មោះឃឿន ហ្វឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ រស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក (ប្រើប្រាស់)។ ទី៤-ឈ្មោះសន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឡាវ រស់នៅភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក (ប្រើប្រាស់)។ ទី៥-ឈ្មោះ ស្រឿន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក។ ទី៦-ឈ្មោះហ៊ុន វណ្ណរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក (ប្រើប្រាស់)។ ទី៧-ឈួន សុភ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិណងប៊ូ ឃុំណងឃីលិក ស្រុកកោះញែក និងទី៨-ឈ្មោះប៊ុន ដី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិណងប៊ូ ឃុំណងឃីលិក ស្រុកកោះញែក (ចាប់តាមដីកាលេខ ២០/២២ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី ចាន់ សុភារ៉ា ចៅក្រមនៃសាលាដំបូងខេត្តមណ្ឌលគិរី )។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលកម្លាំងសមត្ថកិច្ចកំពុងបើកប្រត្តិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ ក៏មានស្ត្រីម្នាក់ ឈ្មោះសម ចាន់ណៃ អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក បានមកធ្វើសកម្មភាពរារាំង និងជេរ ប្រមាថដល់កម្លាំងសមត្ថកិច្ច ព្រមទាំងបានប្រើអំពើហិង្សាបណ្តាលឱ្យមានរបួសស្នាមមកលើកម្លាំងសមត្ថកិច្ចចំនួន ១រូបទៀតផង។

ដោយឡែក វត្ថុតាងដែលចាប់យក រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន១កញ្ចប់ធំ (ទម្ងន់ ១០០,៦៨ក្រាម) ថ្លឹងទាំងសំបក។ ២-ជញ្ជីងថ្លឹងថ្នាំញៀនចំ នួន១គ្រឿង។ ៣-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន មួយចំនួន។ ៤-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ ៥-ប្រាក់រៀល ចំនួន៣៥ម៉ឺនរៀល។ ៦-ទូរស័ព្ទ ចំនួន៧គ្រឿង។ ៧-ម៉ូតូម៉ាកហុងដា វេវឆ្លាម ចំនួន២គ្រឿង (១គ្រឿង ពណ៌បាញ់ឌុក គ្មានស្លាកលេខ និង១គ្រឿងទៀត ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AP-8226 )។ ៨- អត្តសញ្ញាណប័ណ្ណ ចំនួន២សន្លឹក និង៩-សំបុត្រកំណើត ចំនួន១សន្លឹក។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES