Saturday, September 21, 2024
Homeព័ត៌មានជាតិចុះពីឡានភ្លេចដកសោ ចោរចិនបើករត់បាត់

ចុះពីឡានភ្លេចដកសោ ចោរចិនបើករត់បាត់

ខេត្តកណ្តាល ៖ បុរសម្នាក់ ជាម្ចាស់រថយន្តឈ្នួល ប្រកបរបរដឹកភ្ញៀវជនជាតិចិន និងវៀតណាម បានបាត់បង់ឡាន Lexus RX-300 ១គ្រឿង បន្ទាប់ពីភ្ញៀវជនជាតិចិន ម្នាក់ បានជួលឱ្យដឹក លុះដល់ស្ថានីយប្រេងឥន្ធនៈ មួយកន្លែង ដែលជាទីចត បញ្ចូលហ្គាស់ លុះម្ចាស់រថយន្តបានពន្លត់ម៉ាស៊ីន តែភ្លេចដកសោ រួចដើរទៅគិតលុយថ្លៃហ្គាស់ ស្រាប់តែជនជាតិចិន ជាភ្ញៀវ បានបើករថយន្តគេចខ្លួនបាត់។

ហេតុការណ៍នេះ កើឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះហាក់ វុត្ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកបរ មានលំនៅ ភូមិជំពុះ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យជាជនជាតិចិន មិនទាន់អត្តសញ្ញាណនៅឡើយ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សម្ភារៈបាត់បង់ រួមមាន រថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-9468។ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក iPhone 6  ពណ៌ស លេខទូរស័ព្ទ 097 602 29 39 និងម៉ាក Sansung Note 9 ពណ៌ខ្មៅ លេខទូរស័ព្ទ 015 667 745)។

ជនរងគ្រោះ

របាយការណ៍ដដែល បន្តថា កន្លងមក ជនរងគ្រោះ បានប្រកបរបរបើកបររត់តាក់ស៊ី ដឹកភ្ញៀវជនជាតិចិន ឬវៀតណាម តាមប្រព័ន្ធ WeChat ចងជាគ្រុបទូរស័ព្ទ ដោយក្នុងនោះ ឈ្មោះលីង ភេទប្រុស ជនជាតិខ្មែរ ប្រើទូរស័ព្ទលេខ 069 589 498  បាននិយាយតាមប្រព័ន្ធ WeChat មកប្រាប់ជនរងគ្រោះថា ទៅដឹកភ្ញៀវចិន ទៅប៉ោយប៉ែត។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានបើករថយន្តរបស់ខ្លួន ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-9468 ទៅដឹកភ្ញៀវជនជាតិចិន ភិនភាគក្បាលត្រងោល ពាក់អាវយឺត ពណ៌ស ដៃខ្លី ស្លៀកខោខ្លីត្រឹមជង្គង់ តាមផ្លូវជាតិលេខ៥ ចេញពីភ្នំពេញ ក្នុងគោលបំណងទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លុះពេលជនរងគ្រោះបើករថយន្តដឹកជនជាតិចិន មកដល់ចំណុចស្ថានីយប្រេង កន្លែងកើតហេតុខាងលើ ជនរងគ្រោះបានបើកចូលទៅចាក់ហ្គាស់  ហើយជនរងគ្រោះ បានពន្លត់រថយន្ត តែពុំបានដកសោចេញនោះទេ រួចចុះពីលើរថយន្ត  ក៏ដើរទៅគិតលុយថ្លៃហ្គាស់ ស្រាប់តែឆ្លៀតពេលនោះ ជនជាតិចិន មិនស្គាល់អត្តសញ្ញាណខាងលើ បានលួចបើករថយន្តរបស់ជនរងគ្រោះ ចេញទៅទិសខាងជើង តាមផ្លូវជាតិលេខ៥ បាត់ស្រមោលភ្លាមៗតែម្តង។

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងសហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួង ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ៕

RELATED ARTICLES