Saturday, September 21, 2024
Homeព័ត៌មានជាតិប្តីដឹកប្រពន្ធ គេដេញកាប់ដាច់ដៃម្ខាង

ប្តីដឹកប្រពន្ធ គេដេញកាប់ដាច់ដៃម្ខាង

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ កំពុងបើកម៉ូតូ ដឹកប្រពន្ធរបស់ខ្លួន ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែត្រូវជនមិន ស្គាល់អត្តសញ្ញាណ ២នាក់ ជិះម៉ូតូដេញតាមកាប់ប្រហារបុរសជាប្តី ដែលកំពុងបើកម៉ូតូ បណ្តាលឱ្យដាច់ដៃម្ខាង (ដាច់ត្រឹមកេងដៃឆ្វេង) និងធ្វើឱ្យដួលម៉ូតូ រងរបួសធ្ងន់ ទាំង២នាក់ប្តីប្រពន្ធ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវបេតុង កែងមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

បុរសងគ្រោះដែលត្រូវគេកាប់ដាច់ដៃម្ខាង មានឈ្មោះពេជ្រ អាយុ២៤ឆ្នាំ (ដាច់ដៃខាងឆ្វេង) មុខរបរអ្នកដឹកជញ្ជូនបាយ។ ចំណែកស្ត្រីជាប្រពន្ធដែលរួមដំណើរជាមួយគ្នា មានឈ្មោះគឹម វី អាយុ២៥ឆ្នាំ (រងរបួសមុខ ដោយសារដួលម៉ូតូ)។ ទាំង២នាក់ប្តីប្រពន្ធ មានលំនៅ ម្តុំផ្សារអគ្គ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមការសាកសួរព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះ ឈ្មោះជា ហេងលី ស្នាក់នៅម្តុំផ្សារអគ្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាទៅផឹកស៊ីនៅម្តុំផ្លូវជាតិលេខ៥៨ ភូមិទួលពង្រ។ លុះក្រោយពីផឹកស៊ីចប់ ពួកគេបានវិលត្រឡប់ មកកន្លែងស្នាក់នៅវិញ ស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាកលេខ បានជិះដេញតាម អូសកាំបិតផ្គាក់ ពេលមកដល់កន្លែងកើតហេតុ ក៏កាប់ទៅលើជនរងគ្រោះទាំងកំរោលតែម្តង បណ្តាលឱ្យដាច់ដៃឆ្វេងម្ខាងត្រឹមកែងដៃ និងធ្វើឱ្យដួលម៉ូតូ រងរបួសទាំងស្ត្រីជាប្រពន្ធដែលរួមដំណើរពីក្រោយថែមទៀត។

ក្រោយពីធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះរួច ក្រុមជនដៃដល់ បានគេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែក ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES