Saturday, September 21, 2024
Homeព័ត៌មានជាតិបង្ក្រាបសំបុកចោរកាប់ប្លន់

បង្ក្រាបសំបុកចោរកាប់ប្លន់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមជនសង្ស័យមុខសញ្ញាកាប់ប្លន់សកម្ម នៅក្រុងប៉ោយប៉ែត សរុបចំនួន១៣នាក់ ត្រូវកម្លាំង ជំនាញក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់ខ្លួន បញ្ជូនទៅចាត់ការតាមច្បាប់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងជំនាញបានទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ខ្លួននិងឈ្មោះលួម សំបូរ ភេទប្រុស ជិះម៉ូតូដឹកគ្នា ក្នុងទិសដៅពីកើត ទៅលិច ស្រាប់តែឃើញមានម៉ូតូជនសង្ស័យ ១ក្រុម ជាង១០គ្រឿង បើកហ៊ោកញ្ជ្រៀវតាមផ្លូវ ខ្លួនឃើញបែបនេះ ក៏ជិះម៉ូតូគោលបំណងហួសទៅសំដៅទៅផ្កាយ៥ ទឹកពុះ ពេលជិះដល់វត្តម៉ុងចិន ស្រាប់តែឃើញក្រុមម៉ូតូនោះ ជិះមកតាមក្រោយ ខ្លះបិទភ្លើង ខ្លះបើកភ្លើង ជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះ ក៏បើកម៉ូតូយ៉ាងលឿន ដល់បុរីខេអិន ក៏ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណៈនោះ ក្រុមនោះបានកាប់មិត្តភក្តិ ឈ្មោះលួម សំបូរ ត្រូវខ្នង និងក្បាលពីក្រោយ រងរបួសធ្ងន់។ ក្រោយមក បានរយៈពេលកន្លះម៉ោង ពួកខ្លួនក៏បានហៅម៉ូតូឌុប ជិះទៅផ្ទះ នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ចំណែកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6129 ត្រូវបានជនសង្ស័យ យកទៅបាត់។

លោកអធិការ បន្តថា ដើមបណ្តឹង សំណូមពរសូមឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូ ប្រគល់ជូនខ្លួនវិញ និងចាត់ការតាមផ្លូវច្បាប់។

ចំណែកជនរងគ្រោះ ឈ្មោះលួម សំបូរ កំពុងសម្រាកព្យាបាលរបួស ពុំទាន់បានដាក់ពាក្យបណ្តឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរ មិនទាន់ឆ្លើយបំភ្លឺបាន។

លោកអធិការ បានបញ្ជាក់ថា បន្ទាប់មក នៅវេលាម៉ោង ៥និង០៣នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះប្រាកដមែន។

បន្ទាប់មក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ នៅចំណុចម្តុំវត្តពុទ្ធភូមិ សុមារ៉ាមជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលជនសង្ស័យទាំងនោះ រួមមាន ទី១-ឈ្មោះឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងបុរីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២-ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៤-ឈ្មោះយីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ទី៥-ឈ្មោះហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៦-ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៧-ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកសម្ភារៈដកហូត រួមមាន កាំបិតផ្គាក់ ចំនួន៤ដើម ម៉ូតូ ចំនួន៤គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ រួចយកមកអធិការដ្ឋាន ដើម្បីសាកសួរ។

ជនសង្ស័យទាំង៧នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

បន្ទាប់មក នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យ ចំនួន៥នាក់ បន្ថែមទៀត នៅស្រុកម៉ាឡៃ ដែលរួមមាន ទី១-ឈ្មោះហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២-ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៤-ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី៥-ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៥នាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះប្រាកដមែន ហើយពួកគេក៏ជាមុខសញ្ញាកាប់និងឆក់ប្លន់យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ផងដែរ។

ជនសង្ស័យទាំង១៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES