Saturday, September 21, 2024
Homeព័ត៌មានជាតិខ្យល់កន្ត្រាក់ ប៉ើងដំបូល រលំផ្ទះ៣០ខ្នង

ខ្យល់កន្ត្រាក់ ប៉ើងដំបូល រលំផ្ទះ៣០ខ្នង

ខេត្តស្វាយរៀង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ៣០ខ្នង រួមនិងបង្គោលភ្លើង ១ដើម នៅក្រុងបាវិត បានដួលរលំ និងរបើកដំបូល ដោយសារឥទ្ធិពលខ្យល់កន្ក្រាក់ តែយ៉ាងណាហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត មានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ក្រាក់ បោកបក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៣០ខ្នង និងបាក់បង្គោលភ្លើង ១ដើម។

ប្រភពដដែល បន្តថា នៅក្នងសង្កាត់បាវិត ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២៩ខ្នង និងបង្គោលតង់ស្យុងភ្លើង ចំនួន១ដើម។ ចំណែកសង្កាត់បាទី ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង តែករណីនេះ មិនបណ្តាលឱ្យមានមនុស្សរបួស ឬស្លាប់ឡើយ។ អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរន្ទះ ត្រូវប្រញាប់ប្រញាល់រកទីមានសុវត្ថិភាព និងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍គ្រោះមហន្តរាយណាមួយ ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ ជួយសង្គ្រោះទាន់ពេលវេលា៕

RELATED ARTICLES