Wednesday, April 24, 2024
Homeព័ត៌មានជាតិព្យុះកួចរោងបុណ្យសព កំពប់បបរ១០ខ្ទះ

ព្យុះកួចរោងបុណ្យសព កំពប់បបរ១០ខ្ទះ

ខេត្តស្វាយរៀង ៖ ពិធីបុណ្យសព គម្រប់១០០ថ្ងៃ មួយ កំពុងរៀបចំឡើងសុខៗ និងមានមនុស្សម្នាចូលរួមយ៉ាងកុះករ ស្រាប់តែមានភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់ព្យុះ បានបោកបក់បណ្តាលឱ្យបាក់ខ្ទេចរោងបុណ្យ និងធ្វើឱ្យកំពប់ បបរនៅលើចង្ក្រាន ជាង១០ខ្ទះ។

ករណីខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៦ព្រលប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលើ មានប្រជាពលរដ្ឋបានរៀបចំពិធីបុណ្យខួប ១០០ថ្ងៃ ជូនសពលោកយាយឧបាសិកា មាឃ មុំ ដែលបានមរណភាពក្នុងជន្មាយុ ៦០ឆ្នាំ គម្រប់១០០ថ្ងៃ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ក្រោយពីធ្វើកិច្ចនិមន្តព្រះសង្ឃសូត្រមន្ត ទេសនារួចមក ក៏បន្តកម្មវិធីទទួលភោជនាអាហារដល់ភ្ញៀវ ស្រាប់តែរំពេចនោះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ ឬខ្យល់ព្យុះ បក់បោកកួចបំបាក់រោងបុណ្យ ខ្ទេចរាបដល់ដី ផ្អើលអស់ភ្ញៀវដែលចូលរួម នាំគ្នារត់ទៅរកកន្លែងជ្រកភ្លៀង និងខ្យល់តែម្តង។

សមត្ថកិច្ច បន្តថា មុនដំបូង មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ ស្រាប់តែសុខៗ មានខ្យល់កួច បោកបក់រោងបុណ្យបាក់ខ្ទេច រាបដល់ដី និងកួចយកតុ ចាន ចង្កឹះ កែវ បែកអស់ និងថែមទាំងធ្វើឱ្យរោងចុងភៅប៉ើងខ្ទេច បណ្តាលឱ្យខ្ទះបបរ នៅលើចង្ក្រាន ប្រមាណជាង ១០ខ្ទះ ដែលចុងភៅដាំឆ្អិន រៀបចំចាំទទួលភ្ញៀវ ត្រូវផ្កាប់ចាក់ចោល កំពប់ទៅលើដីអស់គ្មានសល់។

នៅក្នុងហេតុការណ៍នេះ ក៏មានផ្ទះប្រជាពលរដ្ឋជាច្រើន ត្រូវខ្យល់បោកបក់ប៉ើងដំបូល និងប៉ើងពោងទឹកនៅលើដំបូលផ្ទះ ធ្លាក់មកដល់ដី ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ អាជ្ញាធរបានចុះទៅពិនិត្យកន្លែងកើតហេតុ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈពេលមានភ្លៀងផ្គរ ខ្យល់កន្ត្រាក់ កុំឱ្យចាកចេញក្រៅផ្ទះ។

រីឯម្ចាស់រោងបុណ្យ ឈ្មោះពូ វ៉ាង នៅក្រុងបាវិត នៅពេលរោងបុណ្យត្រូវខ្យល់កួចបាក់ខ្ទេចខូចទាំងស្រុង ក៏បានទាមទារឱ្យម្ចាស់បុណ្យ សងការខូចខាត ១០០ភាគរយ ក៏ប៉ុន្តែភាគីម្ចាស់បុណ្យមិនយល់ព្រម ដោយគាត់បាននិយាយថា “គាត់ជួលពេញថ្លៃ នេះគឺគ្រោះធម្មជាតិ”។ ក្រោយមក ម្ចាស់រោង សុំឱ្យសង ៤០ភាគរយ ប៉ុន្តែដោយសារឃើញថា ម្ចាស់បុណ្យខូចខាតច្រើន បបរក៏កំពប់អស់ ខកភ្ញៀវមិនបានមកចូលរួម លុះព្រឹកឡើង ពេលបុណ្យឆ្លងបញ្ចប់ ភាគីម្ចាស់រោង បានសុំជួយម្ចាស់បុណ្យ ជួយគាត់តាមសទ្ធា ដោយរោងនិងតុ ចាន កែវបែកបាក់ខូចខាត ស្ទើរទាំងស្រុងទៅហើយ៕

RELATED ARTICLES