Saturday, September 21, 2024
Homeព័ត៌មានជាតិគេកាប់កូនច្រឡំមនុស្ស ម៉ែទទូចរកយុត្តិធម៌

គេកាប់កូនច្រឡំមនុស្ស ម៉ែទទូចរកយុត្តិធម៌

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ បានអះអាងថា កូនប្រុសរបស់គាត់ម្នាក់ដែលទើបនឹងមកពីធ្វើការនៅប្រទេសជប៉ុន ត្រូវបាន ជនសង្ស័យ ១ក្រុម មានគ្នា៣ ទៅ៤នាក់ ហើយក្នុងនោះ មានម្នាក់ត្រូវគេស្គាល់ថា ជាមន្ត្រីនគរបាលវរការពារ ព្រំដែនផង បាន ធ្វើសកម្មភាពស្ទាក់កាប់កូនប្រុសរបស់គាត់ ចំនួន២ដាវ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ (កំពុងសម្រាកព្យា បាល នៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ) ហើយស្រែកថា កាប់ច្រឡំមនុស្ស ជាហេតុធ្វើឱ្យរូបគាត់ជាម្តាយ កើតទុក្ខមិនសុខចិត្ត ទទូចអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសាលាដំបូងខេត្ត មេត្តាជួយរកយុត្តិធម៌ជូនកូនប្រុសរបស់ គាត់ផង។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅផ្លូវបំបែកខាងជើងផ្សារវាលយន្ត មុខផ្ទះអតីតមេភូមិស្វាយរៀង ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ជនរងគ្រោះដែលត្រូវក្រុមជនដៃដល់កាប់ប្រហារ មានឈ្មោះសូ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាពលករនៅប្រទេសជប៉ុន មានលំនៅក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ចំណែកជនសង្ស័យម្នាក់ ដែលត្រូវគេស្គាល់មុខ មានឈ្មោះសួន សិទ្យា ហៅសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជានគបាលវរការពារព្រំដែនប៉ុស្តិ៍ច្រកទ្វារព្រំដែនបន្ទាយចក្រី ខេត្តព្រៃវែង មានលំនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។ រីឯបក្ខពួក ២ទៅ៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមស្ត្រីឈ្មោះគង់ រិទ្ធី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាបថា់ កូនប្រុសរបស់គាត់ ឈ្មោះសូ ប៊ុនធឿន ទៅធ្វើការនៅប្រទេសជប៉ុន និងទើបត្រឡប់មកផ្ទះវិញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។ លុះដល់ល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីជួបជុំបងប្អូនហូបបាយរួច ក៏អង្គុយជជែកគ្នាលេងជាមួយបងប្អូន និងមិត្តភក្តិ រហូតដល់ម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ស្រាប់តែមានអ្នកជិតខាងមកប្រាប់ថា កូនប្រុសគាត់ត្រូវគេកាប់។

តាមប្រភពពីឈ្មោះពៅ ផានិត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និយាយថា មុនពេលកើតហេតុ ខ្លួនបានអង្គុយជជែកគ្នាលេង សួរសុខទុក្ខគ្នា រួចក៏នាំគ្នាផឹកស៊ីបន្តិចបន្តួច។ លុះអស់ម្ហូប ខ្លួននិងប្អូនប្រុសឈ្មោះគង់ និងជនរងគ្រោះ បានជិះម៉ូតូទៅរកទិញម្ហូប មកក្លែមទៀត។ ពេលទៅដល់ផ្លូវបំបែកខាងជើងផ្សារវាលយន្ត ស្រាប់តែមានម៉ូតូ ៣ទៅ៤គ្រឿង មកស្ទាក់សួរ។ ខណៈនោះ ជនរងគ្រោះបានចុះពីលើម៉ូតូ ដើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រុមជននោះ ចុះពីលើម៉ូតូ កាប់តែម្តង។ រីឯខ្លួនឃើញដូច្នេះ ក៏ជិះម៉ូតូរត់គេចចេញពីក្រុមជនខាងលើ យករួចខ្លួនតែម្តង។

ចំណែកមន្ត្រីសមត្ថកិច្ច ១រូប សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានរាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយឃើញក្រុមជនសង្ស័យ មានគ្នា៣-៤ម៉ូតូ ជិះឆ្វែលម្តុំកន្លែងកើតហេតុ ហើយចុះពីលើម៉ូតូ ដើរគោះទ្វារផ្ទះអ្នកស្រុក ហៅឱ្យចេញ ទំនងដេញតាមវាយក្រុមណាមួយ។ ខណៈនោះ ស្រាប់តែឃើញម៉ូតូជនរងគ្រោះ មកដល់ ក៏ស្ទាក់សួរនាំ និងស្ទុះទៅកាប់ជនរងគ្រោះម្នាក់ ក្នុងចំណោម៣នាក់ ឱ្យរងរបួស ហើយស្រែកថា “កាប់មនុស្សច្រឡំហើយ” ទើបក្រុមជននោះ នាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ភ្លាមៗ ។

លុះព្រឹកឡើង សមត្ថកិច្ចបានមកពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញក្រុមជនសង្ស័យធ្វើសកម្មភាពដើរគោះទ្វារផ្ទះអ្នកស្រុក មុនពេលកើតហេតុ និងបានស្គាល់អត្តសញ្ញាណក្រុមជនសង្ស័យខ្លះហើយ ក្នុងនោះជនសង្ស័យម្នាក់ឈ្មោះសួន សិទ្យា ភេទប្រុស អាយុ២៣ឆ្នាំ ជានគរបាល។

យ៉ាងណា រហូតមកដល់ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចមិនទាន់ចាប់ក្រុមជនល្មើសបាននៅឡើយទេ ទើបក្រុមគ្រួសារជនរងគ្រោះ ស្វះស្វែងរកអង្គការសិទ្ធិមនុស្ស ឱ្យជួយអន្តរាគមន៍ទៅសាលាដំបូងខេត្ត ដើម្បីមានចំណាត់ការ ដោយជនសង្ស័យជានគរបាល ហើយមានគេបង្ហើបថា មានខ្នងក្រាស់។

តាមប្រភពព័ត៌មានថា ជនសង្ស័យខាងលើ ធ្លាប់កាប់ជនរងគ្រោះម្នាក់ របួសក្បាលធ្ងន់ ហើយសមត្ថកិច្ចក៏ធ្លាប់បានសម្រួលត្រឹមបង់សំណងជាប្រាក់ថ្លៃព្យាបាល ឱ្យជនរងគ្រោះប៉ុណ្ណោះ។ ក្រុមជនល្មើសនេះ តែងតែជិះម៉ូតូដេញវាយអ្នកធ្វើដំណើរពេលយប់ ជាញឹកញាប់ និងមិនដែល ឃើញសមត្ថកិច្ចបង្ក្រាបទេ។ ជាមួយនេះ ក្រុមគ្រួសារជនរងគ្រោះ ក៏បានអំពាវនាវសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យក្រុមគ្រួសាររបស់គាត់ផង៕

RELATED ARTICLES