Saturday, September 21, 2024
Homeព័ត៌មានជាតិឪនិងកូនស្រីដេកលក់ ភ្លើងឆេះផ្ទះ

ឪនិងកូនស្រីដេកលក់ ភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ បុរសជាឪពុក និងកូនស្រីម្នាក់ កំពុងដេកលក់យ៉ាងស្កប់ស្កល់ ស្រាប់តែមានភ្លើងឆេះផ្ទះ សំណាងល្អ ត្រូវបានអ្នកជិតខាងជួយគាស់ទម្លុះទ្វារ ចូលទៅសង្គ្រោះទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៩៦ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈ្មោះជា សុខ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅផ្ទះកើតខាងលើ និងផ្ទះមួយល្វែងទៀត ជាកូន ឈ្មោះជា ស្រីទី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរធ្វើក្រុមហ៊ុន រស់នៅផ្ទះជាប់គ្នាជាមួយឪពុក។ ចំណែកសម្ភារៈដែលត្រូវភ្លើងឆាបឆេះ គឺផ្ទះឪពុក ឆេះទូដាក់សម្លៀកបំពាក់ និងគ្រឿងចាប់ហួយ សម្រាប់លក់ គិតជាលុយអស់ប្រហែល ៣ពាន់ដុល្លារ។ រីឯផ្ទះរបស់កូនស្រី ខូចខាត ម៉ូតូម៉ាក Zoomer-X ចំនួន២គ្រឿង។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់កំពុងតែដេកលក់ ស្រាប់តែឮសំឡេងទុស្សេខ្សែភ្លើង ហើយក៏មានផ្សែងហុយ និងមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ បន្ទាប់មក ដោយមានបងប្អូនប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បាននាំគ្នាគាស់ទ្វារ ដើម្បីយកទឹកស្រោច និងបំពង់ពន្លត់អគ្គិភ័យ យកមកបាញ់ពន្លត់ផងដែរ។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាដួសទឹកស្រោច និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ រហូតប្រើពេលវេលាអស់រយៈពេលប្រមាណកន្លះម៉ោង ទើបភ្លើងរលត់ទៅវិញទាំងស្រុង។ ខណៈពេលនោះផងដែរ ដោយមាន លោកចៅសង្កាត់រង ហើយលោកមេភូមិ ក៏បានមកដល់កន្លែងភ្លាមៗ ដោយបានចុះមើលទីតាំងកន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះ និងក្រុមគ្រួសារ បានលើកដៃសំពះអរគុណដល់លោកចៅសង្កាត់រង និងលោកមេភូមិ ដែលបានចុះមកកន្លែងកើតហេតុ ហើយជាពិសេស ម្ចាស់ផ្ទះ ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋជិតខាង ដែលបាននាំគ្នាជួយពន្លត់អគ្គិភ័យខាងលើ ៕

RELATED ARTICLES