Saturday, September 21, 2024
Homeព័ត៌មានជាតិម៉ែស្រវឹង ប្តឹងប៉ូលិសថាកូនវ៉ៃ

ម៉ែស្រវឹង ប្តឹងប៉ូលិសថាកូនវ៉ៃ

ខេត្តតាកែវ ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ ហើយឱ្យតែផឹកស្រវឹង តែងរករឿងកូនរបស់ខ្លួនមិនឈប់ ស្រាប់តែចុងក្រោយ បន្ទាប់ពីផឹកស្រវឹងជោក បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចថា កូនប្រុសបានប្រើអំពើហិង្សាមកលើរូបគាត់ លុះសមត្ថកិច្ចចុះមកដល់ សាកសួរ ទើបដឹងថា តាមពិតម្តាយស្រវឹង ប្តឹងចោទកូនប្រុសរបស់ខ្លួនសោះ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៤៤នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិក្រសាំងពុល ឃុំតាអូ ស្រុកគិរីវង់។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៤៤នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលទូរស័ព្ទរាយការណ៍ពីស្ត្រីម្នាក់ ថាមានអំពើហិង្សាក្នុងគ្រួសារ (កូនប្រុសវ៉ៃម្តាយ) កើតឡើងនៅចំណុចភូមិក្រសាំងពុល ឃុំតាអូ ស្រុកគិរីវង់ និងស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកយុគ សារ៉ាត់ អធិការរងនគរបាលស្រុកគិរីវង់ ដើម្បីចុះជួយអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង ៣និង៥៨នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចដឹកនាំដោយលោកនាយប៉ុស្តិ៍តាអូ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះសាកសួរស្ត្រីជាម្តាយ ដែលបានរាយការណ៍ប្តឹងសមត្ថកិច្ច ទើបដឹងថា មិនមានការឈ្លោះទាស់ទែងអ្វីនោះទេ តែគាត់ (ម្តាយ) តែងតែផឹកស្រាស្រវឹង ហើយរករឿងកូន និងថែមទាំងបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប្រចាំបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ១១៧ ថាកូនគាត់បានប្រើអំពើហិង្សាមកលើរូបគាត់ទៅវិញ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានធ្វើកិច្ចសន្យា និងអប់រំស្ត្រីជាម្តាយខាងលើ កុំឱ្យធ្វើបែបនេះតទៅទៀត៕

RELATED ARTICLES