Saturday, September 21, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះចោរ២នាក់ ឆក់ខ្សែកយាយ៧២ឆ្នាំ

វ៉ៃខ្នោះចោរ២នាក់ ឆក់ខ្សែកយាយ៧២ឆ្នាំ

ខេត្តកំពត ៖ ជនសង្ស័យ ១ក្រុម មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ខ្សែកស្ត្រីចំណាស់ម្នាក់ បានសម្រេច រួច ព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ភ្លាមៗ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានថែមម្នាក់ទៀត សរុប២នាក់ ខណៈដែលបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។

ករណីឆក់ខ្សែកនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

ជនសង្ស័យជាចោរឆក់ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអៀម ណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអន្លង់គគីរ ឃុំកណ្តាល ស្រុកទឹកឈូ និងទី២-ឈ្មោះប៊ុន ជីរ៉ាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ។ ចំណែកបក្ខពួក ២នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែក ជនរងគ្រោះ មានឈ្មោះតុន តឿន ភេទស្រី អាយុ៧២ឆ្នាំ មានលំនៅ ភូមិត្រពាំងវែង ឃុំជម្ពូវ័ន ស្រុកជុំគិរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះឈ្មោះតុន តឿន បានសម្រេច និងព្យាយាមរត់គេចខ្លួនភ្លាមៗដែរ តែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ ឈ្មោះអៀម ណុច។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការសាកសួរឈ្មោះអៀម ណុច រហូតឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត ឈ្មោះប៊ុន ជីរ៉ាវីត។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES