Saturday, September 21, 2024
Homeព័ត៌មានជាតិជិះម៉ូតូអស់សាំង លាក់ក្នុងពំនូកចំបើង

ជិះម៉ូតូអស់សាំង លាក់ក្នុងពំនូកចំបើង

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បកស្រាយបំភ្លឺចំពោះការបង្ហោះក្នុងបណ្តាញសង្គម ពាក់ព័ន្ធម៉ូតូ ១គ្រឿង ត្រូវបានម្ចាស់កប់លាក់ក្នុងគំនរចំបើង នៅចំណុចដីចម្ការក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង លុះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានការសង្ស័យថាជាករណីចោរលួចម៉ូតូ យកទៅលាក់ក្នុងពំនូកចំបើង។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ «កូន ខ្លាតូច» និងគណនីឈ្មោះ «មហាគ្រួសារតាខ្មៅ» បានបង្ហោះសារថា “ដំណឹងសួររកម្ចាស់ម៉ូតូ មានបងប្អូនណាបាត់ម៉ូតូ Scoopy មកយកបាន មានគេយកមកប្លុងចោល នៅដីចម្ការ ភូមិព្រែកស្នាយ ស្ពានលេខ១១ ស្រុកស្អាង ខេត្តកណ្តាល លេខទំនាក់ទំនង ០៩២ ៤៩៦ ៦៩៩”។

ក្រោយពីទទួលបានព័ត៌មានថា មានម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-2993 ត្រូវបានយកទៅប្លុងចោលនៅគំនរចំបើង ដីចម្ការមាត់ព្រែក ស្ថិតនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។

តាមសម្តីម្ចាស់ហ្វេសប៊ុកឈ្មោះ Tay Song បានប្រាប់សមត្ថកិច្ចថា ម៉ូតូខាងលើ មិនពាក់ព័ន្ធអំពើលួចទេ គឺម្ចាស់ម៉ូតូ អស់សាំង ជិះមិនរួច ក៏អូសយកទៅលាក់នៅគំនរចំបើង ដើម្បីកុំឱ្យគេឃើញ ខ្លាចគេលួចទៅយកបាត់។

បច្ចុប្បន្ន ម្ចាស់ម៉ូតូខាងលើ បានយកម៉ូតូរបស់ខ្លួនមកផ្ទះវិញហើយ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ័ន្តច្រឡំ៕

RELATED ARTICLES