Saturday, September 21, 2024
Homeព័ត៌មានជាតិជិះម៉ូតូកាត់ភ្លៀង ដួលបោកក្បាលស្លាប់

ជិះម៉ូតូកាត់ភ្លៀង ដួលបោកក្បាលស្លាប់

ខេត្តកោះកុង ៖ ស្ត្រីម្នាក់ ជិះម៉ូតូ ១គ្រឿង ដោយមានដឹកយុវជនម្នាក់ផង បានធ្វើដំណើរក្នុងល្បឿនលឿន ទាំងមេឃ កំពុងធ្លាក់ភ្លៀង ជាហេតុធ្វើឱ្យរអិលដួលដោយខ្លួនឯងទាំងកំរោល បណ្តាលឱ្យបោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកយុវជនដែលរួមដំណើរជាមួយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ដួលម៉ូតូដោយខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ជិតវិទ្យាល័យកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ស្ត្រីរងគ្រោះដែលជិះម៉ូតូដួលបោកក្បាលស្លាប់ មានឈ្មោះពៅ ស្រីពេជ្រ អាយុ៣៩ឆ្នាំ មុខរបរអ្នករត់តុ មានលំនៅបច្ចុប្បន្ន ភូមិប៉ាកខ្លង ស្រុកមណ្ឌលសីមា (ជាអ្នកបើកម៉ូតូ)។ ចំណែកយុវជនដែលរួមដំណើរជាមួយ ដែលរងរបួសស្រាល មានឈ្មោះឡា ចាន់ឡុង មុខរបរសិស្ស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B-5543 និងរួមដំណើរដោយយុវជនម្នាក់ បានធ្វើដំណើរក្នុងទិសដៅពីលិច​ ទៅកើត ក្នុងល្បឿនលឿន ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងផង ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតដួល បណ្តាលឱ្យស្ត្រីរងគ្រោះជាអ្នកបើកម៉ូតូ បោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់នៅនឹងកន្លែងមួយរំពេច។ ចំណែកយុវជនដែលរួមដំណើរជាមួយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

តាមសម្តីយុវជនឈ្មោះឡា ចាន់ឡុង ដែលរួមដំណើរជាមួយ បានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះពៅ ស្រីពេជ្រ ជាអ្នកបើកម៉ូតូ ហើយបើកបរលឿន លុះផ្លូវរអិលដោយសារភ្លៀងធ្លាក់ ទើបធ្វើឱ្យរេចង្កូតម៉ូតូដួលដោយខ្លួនឯងទាំងកំរោលតែម្តង។ សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES