Saturday, September 21, 2024
Homeព័ត៌មានជាតិកូនជួយរៀបចំតូបកាហ្វេម៉ែ ខ្សែភ្លើងឆក់ស្លាប់

កូនជួយរៀបចំតូបកាហ្វេម៉ែ ខ្សែភ្លើងឆក់ស្លាប់

ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់ ត្រូវបានម្តាយប្រើឱ្យទៅរៀបចំចានឆ្នាំង ក្នុងតូបលក់កាហ្វេ លុះទៅបាត់យូរ ស្ត្រីជាម្តាយ នឹកឆ្ងល់ ក៏តាមទៅមើល ស្រាប់តែប្រទះឃើញកូនប្រុសដេកដួលលើថ្មសាប លុះស្ទុះទៅចាប់លើក ក៏ត្រូវចរន្តអគ្គិសនី ឆក់ទាំងម្តាយទៀត តែម្តាយបានដកដៃចេញ ទាន់និងស្រែកឆោឡោហៅអ្នកជិត ខាងឱ្យជួយដឹក កូនទៅមន្ទីរពេទ្យភ្លាមៗ ដែរ តែអកុសល កូនប្រុសបានស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចតូបលក់កាហ្វេម្តាយ របស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងផ្សារព្រែកដាច់ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។

ក្មេងប្រុសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះរិទ្ធ ណារុង  ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជួយលក់ដូរឪពុកម្តាយ មានលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

តាមការបំភ្លឺពីឈ្មោះគា សុខហ៊ាង  ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និ២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ គាត់បានឱ្យកូនប្រុសឈ្មោះរិទ្ធ ណារុង (ក្មេងប្រុសរងគ្រោះ) ទៅរៀបចំចានឆ្នាំង សម្រាប់លក់ដូរពេលព្រឹក ដូចរាល់ដង លុះចាំកូនយូរពេក រហូតដល់ម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល ក៏ទៅតាមមើលកូនប្រុសរបស់ខ្លួន ក៏ឃើញកូនប្រុសឈ្មោះរិទ្ធ ណារុង ដួលលើសាបថ្មមានទឹក ចំណែកជើងទាំងពីរ គងជាប់លើចម្រឹងទ្វារដែកតូបលក់កាហ្វេ ឃើញដូចនោះ គាត់ជាម្តាយ ក៏ស្ទុះទៅចាប់ទាញកូន ក៏ត្រូវភ្លើងឆក់ដែរ ក៏រត់ទៅបិទបារ៉ែតភ្លើងក្នុងផ្ទះជាប់តូបលក់ដូរ រួចស្ទុះចេញមកវិញ ស្រែកឱ្យគេជួយ និងទៅចាប់លើកកូនឡើង ដឹងថាកូនរបស់គាត់ត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ ព្រោះឃើញសពកូនមានសភាពរឹងបាត់ទៅហើយ តែដោយមិនអស់ចិត្ត ក៏នាំគ្នាយកកូនទៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យ ពេទ្យប្រាប់ថា ស្លាប់បាត់ហើយ រួចដឹកកូនយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច បានបង្កើតគណៈកម្មការ រួមមាន នគរបាលប៉ុសិ៍រដ្ឋបាលនគរបាលផ្នែកយុត្តិធម៌ នគរបាលផ្នែក ពិនិត្យវិភាគទីកន្លែងកើតហេតុ លោកគ្រូពេទ្យមណ្ឌលសុខភាព លោកមេភូមិ និងក្រុមប្រឹក្សាឃុំ បានចុះទៅដល់ផ្ទះជនរងគ្រោះ ធ្វើការពិនិត្យសព ឃើញថា សពមានស្នាមឆេះខ្លោចកំភួនជើងខាងស្តាំ ប្រវែង១២សង់ទីម៉ែត្រ ស្នាមឆេះខ្លោចកំភួនដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES