Saturday, September 21, 2024
Homeព័ត៌មានជាតិជម្លោះ២គ្រួសារ វ៉ៃគ្នាបែកមុខ  ឃាត់ខ្លួន៥នាក់

ជម្លោះ២គ្រួសារ វ៉ៃគ្នាបែកមុខ  ឃាត់ខ្លួន៥នាក់

ខេត្តកណ្តាល ៖ ក្រុមគ្រួសារចំនួន២ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតឈានដល់អំពើហិង្សា វាយតប់គ្នាទៅវិញ ទៅមក បណ្តាលឱ្យរងរបួសបែកមុខមាត់រៀងខ្លួន និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាង សរុប៥ នាក់ នាំយកទៅសាកសួរ។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមប្រភពពីមន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ភាគីជម្លោះទាំង២ក្រុម ក្រុមទី១ មានគ្នា២នាក់ ទី១-ឈ្មោះកង វណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាមន្ត្រីរាជការ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសចង្អុលដៃខាងឆ្វេង (ឃាត់ខ្លួន) និងទី២-ឈ្មោះសេង ថន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសផ្ទៃមុខ ខាងឆ្វេង (ឃាត់ខ្លួន)។

ចំណែកក្រុមទី២ មានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះសែម ចន្នី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ របួសបែកច្រមុះហូរឈាម (ឃាត់ខ្លួន)។ ទី២-ឈ្មោះម៉េង ចន្ថា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងរបួសផ្ទៃមុខហូរឈាម (ឃាត់ខ្លួន) និងទី៣-ឈ្មោះនី ស្រីណុច ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (ឃាត់ខ្លួន)។

ប្រភពដដែល បន្តថា នៅវេលាកើតហេតុខាងលើ ឈ្មោះសេង ថន បានប្រាប់ឈ្មោះសែម ចន្នី ឱ្យយកឡានចេញពីទីស្នាក់ការភូមិ ដោយមិនអនុញ្ញាតឱ្យដាក់ទៀតទេ  ហើយឈ្មោះសែម ចន្នី ក៏និយាយថា ចុះឡានរបស់ឈ្មោះកង វណ្ណា ម្តេចក៏មិនយកចេញផង? ភ្លាមនោះ ស្រាប់តែ ឈ្មោះកង វណ្ណា បានមកយកឡានចេញដែរ រួចក៏ប៉ះពាក្យសម្តីគ្នាទៅវិញទៅមក រហូតដល់មានការប្រើហិង្សាវាយតប់គ្នាទៅវិញទៅមក ឈ្មោះសេង ថន ចូលឃាត់ ក៏ត្រូវរងរបួសស្រាល និងភាគីទាំងសងខាង ក៏ត្រូវរបួសរៀងៗខ្លួន។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES