Saturday, September 21, 2024
Homeព័ត៌មានជាតិជំនន់ទឹកភ្លៀង ផ្តាច់ផ្លូវលំ១ខ្សែ

ជំនន់ទឹកភ្លៀង ផ្តាច់ផ្លូវលំ១ខ្សែ

ខេត្តបាត់ដំបង ៖ កំណាត់ផ្លូវ ១ខ្សែ ក្នុងភូមិ១កន្លែង ត្រង់ទំនប់អន្លង់សណ្តាន់ នៅស្រុកបវេល ត្រូវទឹកហូរបុកផ្តាច់ ត្រូវបានមន្ត្រីជំនាញ ចុះសម្រួលផ្លូវឱ្យពលរដ្ឋធ្វើដំណើរឡើងវិញភ្លាមៗ។

លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានហូរចាក់មកពីផ្នែកខាងលើស្ទឹងបវេល កាលពីយប់ថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានបុកដាច់នូវទំនប់ពង្វាងទឹកមួយកន្លែង ត្រង់ចំណុចការដ្ឋានសាងសង់របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលកំពុងដំណើរការ ក្នុងភូមិសាស្ត្រទំនប់អន្លង់សណ្តាន់ ភូមិម៉ាក្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានបន្ថែមថា ក្រោយការដាច់ទំនប់ពង្វាងទឹកនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ដែលចូលរួមជាមួយអាជ្ញាធរឃុំព្រៃខ្ពស់ និងពីប្រជាពលរដ្ឋមួយចំនួនទៀត បានចុះរៀបចំដាក់លូ និងចាក់ដីបំពេញតភ្ជាប់កំណាត់ផ្លូវលើខ្នងទំនប់ខាងលើ រួចដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដូចធម្មតាឡើងវិញ មិនឱ្យមានការរាំងស្ទះឡើយ។

បន្ទាប់ពីទឹកភ្លៀងបានបន្តស្រោចស្រពក្នុងក្របខ័ណ្ឌស្ទើរទូទាំងខេត្តបាត់ដំបង ពិសេសតំបន់ព្រំដែន បង្កឱ្យបរិមាណទឹកភ្លៀងបានហូរក់ចូលតំបន់ទំនាប បឹងបួ និងស្ទឹងបវេល យ៉ាងច្រើន ហើយទឹកបានហូរចុះទៅផ្នែកមួយចំនួនរបស់ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល កម្ពស់ទឹកហក់ឡើងយ៉ាងខ្ពស់។

ប្រជាពលរដ្ឋដែលប្រកបការធ្វើស្រែតាមប្របដងអូរ នៅផ្នែកខាងក្រោម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានលើកឡើងថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បានធ្វើឱ្យស្រែរបស់ពួកគាត់លិចលង់ស្ទើតែស្រុង ដែលអ្នកខ្លះចុះប្រមូលផលបានលឿន ផុតពីការជន់លិច ចំណែកកសិករខ្លះទៀត ចុះច្រូតមិនទាន់ ត្រូវទឹកលិច ដោយបង្ខំចិត្តចុះច្រូតស្រូវក្នុងទឹកក៏មាន៕

RELATED ARTICLES