ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្ទាក់បង្ក្រាបរថយន្តកែច្នៃ ១គ្រឿង ដែល ព្យាយាមប្រើល្បិចថ្មី បន្លំភ្នែកសមត្ថកិច្ច ដោយដឹកសម្ភារខួងអណ្តូងពីលើ ប៉ុន្តែលួចបង្កប់ឈើខុសច្បាប់ ពីក្រោម។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចចុងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន។
សមត្ថកិច្ច បានឱ្យដឹងថា ឈើដែលដកហូតបាននៅលើរថយន្តនោះ គឺជាឈើអារប្រណិត (តាត្រាវ) ចំនួនសន្លឹក៤២ សន្លឹក,ដុំ ស្មើនឹង ៤,៧៧៤ ម៉ែត្រគូប។ ចំណែករថយន្តបង្កប់ឈើ ជាប្រភេទរថយន្តម៉ាកកាម៉ាស់កែច្នៃ គ្មានស្លាកលេខ លួចលាក់ដាក់ក្នុងរថយន្ត ដោយផ្សារដែក បិទគម្រប តាមបណ្តាទ្រុង និងផ្សារឃ្លុបបិទជិតជាប់ការប៊ីន ផ្សារទ្រនាប់ផ្នែកខាងក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ច មើលទៅហាក់បីដូចជាការដឹកគ្រឿងខួងអណ្តូង។
ជាមួយនេះ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យម្នាក់ ឈ្មោះលី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ប៉ុន្តែក្រោយពីធ្វើការសាកសួររួច ក៏បានដោះលែងវិញ។
ចំពោះវត្ថុតាង ជាឈើល្មើសខាងលើ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ។ ដោយឡែក រថយន្ត ត្រូវបានរក្សាទុកនៅក្នុងទីបញ្ជាការខេត្ត៕